(ភ្នំពេញ)៖ ទារិកាសភាពទើបកើតចេញពីផ្ទៃ ត្រូវបានគេច្រកចូលថង់ខ្មៅ រួចយកទៅបោះចោលនៅគំនរសំរាមមួយកន្លែង ខាងក្រោយផ្សារតាំងកសាង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានស្រ្តីជាបុគ្គលិកហាងស្ទីមសោណាម្នាក់ ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុមានស្រ្តីម្នាក់ឈ្មោះ ថន ស្រីម៉ាច អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកហាងស្ទីមសោណា ក្បែរចំណុចកើតហេតុ ស្នាក់នៅកន្លែងធ្វើការ បានដើរទៅរកទិញអីហូប ស្រាប់តែឮសម្លេងទារិកានេះយំ។ ស្រ្តីរូបនោះក៏បានដើរទៅមើលឃើញទារិកា នៅក្នុងថង់ខ្មៅខ្លួននលគោកគ្មានក្រណាត់រុំបិទបាំងនោះឡើយ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះស្រ្តីខាងលើ បានយកទារិកាចេញពីគំនរសំរាមទៅប្រគល់ឲ្យស្រ្តីម្នាក់ទៀត ដែលជាម្ដាយមីងរបស់ខ្លួន ឈ្មោះ ប៉ាត កាន់ អាយុ៥០ឆ្នាំ យកទៅឲ្យពេទ្យកាត់ផ្ចិតឲ្យរួចរាល់ ក៏បានប្រគល់ទៅឲ្យប្អូនស្រីរបស់គាត់ម្នាក់ទៀតឈ្មោះ ទិត្យ សុគន្ធ អាយុ៣៥ឆ្នាំ រស់នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរៀបការយូរហើយតែអត់មានកូនយកទៅចិញ្ចឹមបន្តក្រោម ការដឹងឮត្រឹមត្រូវពីសំណាក់អាជ្ញាធរ សង្កាត់កាកាបទី២ និងនគរបាលប៉ុស្តិ៍កាកាបទី២ផងដែរ៕