(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុវត្ថិភាព ការពារជំងឺកូវីដ-១៩ ដែលក្រសួងបានដាក់ចេញ នាពេលកន្លងមក។

ការអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសដែលរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន និងថ្នាក់ដឹកនាំក្រសួងអប់រំជាច្រើនរូប ចុះពិនិត្យការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី៣ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរ ក៏ដូចជាគណៈគ្រប់គ្រងសាលារៀនទាំងអស់ ទាំងរដ្ឋ ទាំងឯកជន សូមបន្ដអនុវត្ដ ឲ្យបានម៉ឺងម៉ាត់ នូវវិធានការដែលក្រសួង បានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព (ការពារជំងឺកូវីដ-១៩)»

លើសពីនោះទៀត រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានប្រាប់ឲ្យត្រូវកំណត់ចំនួនសិស្ស កុំលើសពីស្ដង់ដារ ដែលក្រសួងបានដាក់ចេញ ហើយត្រូវបង្រៀនសិស្ស ឲ្យរៀនរស់នៅ តាមបែបគន្លងថ្មី ហើយនឹងបន្ដការបង្រៀន ដើម្បីបន្ដបណ្ដុះបណ្ដាល ធនធានមនុស្សឲ្យបានល្អ និងមានគុណភាព។

បើតាមលោក ឡៅ ម៉ូលីណា នាយកវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ របស់ក្រសួងអប់រំ ជាពិសេសវិធានការ ការពារ
ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និងដោយមានការណែនាំ ជាប្រចាំពីមន្ទីរអប់រំ រាជធានីភ្នំពេញ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បានអនុវត្តរួមមាន៖

* ជំរុញ និងលើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ពាក់ម៉ាសជាប្រចាំ នៅពេលមកសាលារៀន
* ចាត់តាំងឲ្យយុវជនកាយរឹទ្ធិ និងកាកបាទក្រហមបាញ់វាស់កម្ដៅ លាងជែល ឬអាល់កុលជាមុន ទើបឲ្យចូលក្នុងសាលារៀន
* ណែនាំជាប្រចាំដល់សិស្សានុសិស្ស ជៀសវាងការប្រមូលផ្តុំគ្នា នៅពេលចេញលេង
* បង្កើនកន្លែងលាងដៃ ដោយសាប៊ូ
* ប្រជុំណែនាំដល់អាជីវករ ដើម្បីចូលរួមការពារជំងឺកូវីដ១៩ ជាពិសេសរក្សាអនាម័យ ឲ្យបានល្អ
* គ្រប់អាជីវករ ត្រូវអនុវត្តតាមបទដ្ឋានសុវត្ថិភាព របស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ជាប្រចាំមានជែល ឬអាល់កុលគ្រប់គ្រាន់ សម្រាប់បាញ់សម្លាប់មេរោគ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានប្រគល់សម្ភារអនាម័យមួយចំនួន រួមមាន៖ ម៉ាស ចំនួន៤០ប្រអប់, អាកុល១ធុង (១០លីត្រ) និងជេលលាងសម្អាតដៃ ០១ធុង (៥លីត្រ) និងម៉ាស៊ីនវាស់កម្ដៅចំនួន៤គ្រឿង ជូនគណៈគ្រប់គ្រងវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក សម្រាប់ទុកប្រើប្រាស់ផងដែរ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នាពេលថ្មីៗនេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពីការបើកដំណើរការ គ្រឹះស្ថានសិក្សា សាធារណៈឡើងវិញ (សាលារដ្ឋ) ក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ក្នុងសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងអប់រំ បានបញ្ជាក់ថា ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា ២០១៩-២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងអប់រំ ក៏បានណែនាំទៀតថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្ដល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន៥ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយកំណត់ចំនួនកុមារ មិនលើសពី២៥នាក់ ក្នុងមួយថ្នាក់។

ដោយឡែក ការអនុវត្តកម្មវិធីសិក្សា សម្រាប់គ្រឹះស្ថានមធ្យមសិក្សា ថ្នាក់ទី៩ និងទី១២ ត្រូវបន្ដអនុវត្តដូចដំណាក់កាលទី២ ខណៈថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តការបង្រៀន និងរៀន ៣ថ្ងៃក្នុងមួយសប្ដាហ៍។

ដោយក្នុងនោះ តម្រូវក្នុងមួយបន្ទប់ មានសិស្សមិនលើសពី៣០នាក់ និងអនុវត្តការសិក្សាបែបចម្រុះ ដោយផ្ដោតលើមុខវិជ្ជាសិក្សាគោល យ៉ាងតិច៦មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្ដែង នៃចំនួនបន្ទប់រៀន និងចំនួនគ្រូ៕