(កណ្តាល)៖ លោក ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពី ៥ឃុំ ក្នុងស្រុកកណ្តាលស្ទឹង និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នាពេលថ្មីៗនេះ។

ពិធីជួបសំណេះសំណាល និងចែកអំណោយនេះ បានធ្វើឡើងនារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ ដោយមានចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកណ្តាល, លោក ទូ ហ្គង់គាន់ ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មស្ថានទូតចិន នៅកម្ពុជា, លោក យូ យ៉ាំង លេខាស្ថានទូតចិន ប្រចាំនៅកម្ពុជា, លោក ជីង ជុន ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា អាជ្ញាធរដែនដីថ្នាក់មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣រួមទាំងប្រជាពលរដ្ឋប្រមាណ ១,៣៥០នាក់ផងដែរ។

បើតាមលោក អ៊ូច សៅធឿន អភិបាលស្រុកកណ្តាលស្ទឹង បានអានរបាយការណ៍ ក្នុងស្រុកថាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានចំនួន៦ឃុំស្មើរ ១,២៣០ គ្រួសារ មកពីឃុំទ្រា ឃុំព្រែកស្លែង ឃុំសៀមរាប ឃុំអំពៅព្រៃ និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹងនេះ។ ឃុំដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួនទាំង ០៦ឃុំ មានប្រជាជនរងគ្រោះសរុប ២,២៨៩គ្រួសារ ប៉ះពាល់ផ្ទះ២,១៧២ខ្នង បានជម្លៀស ៨៣គ្រួសារ មានប្រជាពលរដ្ឋ ២២៩នាក់ ប៉ះពាល់សាលារៀន ០៨កន្លែង ជន់លិចផ្លូវជាតិលេខ ២.៣ និងលេខ ៣៤ប្រវែង ១,៤២៩ ម៉ែត្រប៉ះពាល់ផ្លូវលំ ៣៤,០៥៩ម៉ែត្រ ឃុំដែលប៉ះពាល់ខ្លាំង។

គូសបញ្ជាក់ថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១៣កន្លងទៅ ដោយទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រដ្ឋបាលស្រុកកណ្តាលស្ទឹង បានរៀបចំផែនការបែងចែកកម្លាំង ចុះអន្តរាគមតាមមូលដ្ឋានសរុបចំនួន៥ គោលដៅរួមមាន៖ គោលដៅទី១ ទីបញ្ជាការកណ្តាល មានកម្លាំងសរុបចំនួន ២៦នាក់, គោលដៅទី២ ឃុំដើមឫស មានកម្លាំងសរុបចំនួន ៣៣៤នាក់, គោលដៅទី៣ ឃុំអន្លង់រមៀត មានកម្លាំងសរុបចំនួន ៨៤នាក់, គោលដៅទី៤ ឃុំកណ្តោក មានកម្លាំងសរុប ចំនួន ១២៨នាក់ និងគោលដៅទី៥ ឃុំជើងកើប មានកម្លាំងសរុបចំនួន ១០៧នាក់ សរុបកម្លាំងរួមមានចំនួន ៦៧៨នាក់។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះលោក ហង្ស សាមឿន បានលើកឡើងពីអនុនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថានៅទីណាក៏ដោយមិនឱ្យបងប្អូនស្លាប់ដោយសារការខ្វះខាតស្បៀងអាហារនោះទេ និងបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅដល់អង្កការដៃគូអភិវឌ្ឍន៍ និងជាពិសេសសប្បុរសជននានា ក្នុងមានសភាពាណិជ្ជកម្មចិន និងក្រុមហ៊ុនជនជាតិចិនរកស៊ី នៅកម្ពុជាដែលបានចូលរួមជាមួយក្រុមការងារដោយបានឧបត្ថម្ភពេលនេះដល់ប្រជាពលរដ្ឋ ដើម្បីសម្រួលការលំបាករបស់គាត់បានមួយកម្រិត។

តំណាងឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកក៏បានផ្តាំផ្ញើចំពោះប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមក្នុងកម្មវិធី ធ្វើយ៉ាងណាចូលរួមថែរក្សាការពារសេចក្តីសុខ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ និងបានផ្តាំផ្ញើធ្វើយ៉ាងណាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះធម្មជាតិនានាដែលអាចកើតមានឡើងជាយថាហេតុ ដូចជាករណីគ្រោះទឹកជំនន់កន្លងទៅថ្មីៗនេះ ដែលអាចបង្កឱ្យមានការខូចខាតដល់ទ្រព្យសម្បត្តិ ផលដំណាំ និងអាយុជីវិត ជាពិសេសកូនៗដែលនៅតូចដែលត្រូវយកចិត្តទុកដាក់ជាចំបង ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។

លោក ហង្ស សាមឿន ក៏បានលើកឡើងថា ករណីជំងឺកូវីដ-១៩ ក៏ពុំទាន់ឃ្លាតចាកឆ្ងាយពីសង្គមជាតិយើង និងសកលលោក១០០% នៅឡើយ ដូចនេះត្រូវតែនាំគ្នាបន្តចូលរួមសហការការពារបន្តទៀត មិនត្រូវធ្វេសប្រហសជាដាច់ខាត។

សូមជម្រាបថា អំណោយដែលនាំទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនាឱកាសនោះរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប៊ីចេង១កញ្ចប់, ត្រីខ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល៕