(ភ្នំពញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ពេលនេះបើនិយាយពីការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺនៅតែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ ប្រជាពលរដ្ឋអាមេរិកាំង នឹងចេញទៅបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទី៤៦ របស់ខ្លួនដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ០៣ វិច្ឆិកា ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៨យប់ ត្រូវនឹងម៉ោង១០ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកានៅកម្ពុជា។

ក្នុងព្រឹត្តការណ៍នេះ មិនថាអ្នកតាមដានសភាពការណ៍នយោបាយខ្មែរ ឬបណ្ដាប្រទេសនានាលើពិភពលោកទេ គឺបានចាត់ទុកចំពោះការបោះឆ្នោត ប្រធានាធិបតីអាមេរិកំាងលើកនេះ មានសភាពស្មុគស្មាញយ៉ាងខ្លំាង។ ក្នុងនោះមិនគ្រាន់តែពិភពលោកទេ ដែលយល់បែបនេះ សូម្បីប្រជាជនអាមេរិកំាង ខ្លួនឯងក៏យល់យ៉ាងនេះដែរ ដោយសារប្រជាពលរដ្ឋមួយចំនួនធំ គេចង់ប្ដូរមេដឹកនំា គឺមិនចង់ឲ្យលោក ដូណាល់ ត្រំា បន្ដកាន់កាប់ប្រទេសតទៅទៀត។

លោក រត្ន័ សណ្ដាប់ បន្ដថា ចំពោះមូលហេតុនោះ គឺបណ្ដាលមកពីនាពេលកន្លងមកថ្មីៗនេះ ពួកជនជាតិស្បែកខ្មៅ បានបង្កចលាចលនំាគ្នាធ្វើបាតុកម្មយ៉ាង ហិង្សាពេញទូទំាង ប្រទេសដោយក្នុងនោះ ក៏មានគណបក្សប្រជាធិបតេយ្យ បានបញ្ជ្រាបខ្លួនចូលរួមដុតកំហឹងផងដែរ។

ទន្ទឹមនឹងនេះដែរ មានប្រជាជនអាមេរិកំាងមួយចំនួនធំ រួមទាំងអ្នកមាននិន្នាការខាងគណបក្សប្រជាធិបតេយ្យ បានសម្លឹងឃើញនឹងចោទលោក ត្រំា ថាបានមើលស្រាលនឹងឥទ្ធិពលនៃមេរោគឆ្លងដ៏កាចសាហាវ គឺ «កូវីដ-១៩» ដែលមកដល់បច្ចុប្បន្នរាលឆ្លងជិត៩លាននាក់ និងស្លាប់ជិត២៣ម៉ឺននាក់។

ក្នុងបញ្ហាទំាងនេះ បានធ្វើឲ្យសេដ្ឋកិច្ច ក្នុងស្រុកអាជីវកម្ម និងរោងចក្រតូចធំត្រូវបិទទ្វា ដែលញុំាងដល់ពលរដ្ឋមួយចំនួនគ្មានការងារធ្វើដែលបង្ខំឲ្យរដ្ឋាភិបាល ត្រូវប្រមូលធនធានដែលមាននៅក្នុងឃ្លំាងមាស ឃ្លំាងប្រាក់ត្រូវបញ្ចេញយកមកចិញ្ចឹមពលរដ្ឋ ដើម្បីទប់ទល់នឹងឱនភាពសេដ្ឋកិច្ច។

បើដូច្នេះអំពីបញ្ហាទាំងនេះហើយ គឺជាចំណុចសំខាន់ដែលបេក្ខជនទំាងពីររូប បានលើកឡើងដើម្បីចោទគ្នាទៅវិញ ទៅមកពិសេសនៅលើវេទិកាទំាង ពីរលើកកាលពីសប្ដាហ៍មុន និងពីចុងខែកញ្ញា ដោយបានចង្អុលមុខគ្នាទៅវិញទៅមកប្រៀបបាននឹងបាចទឹកដាក់គ្នា។

ដោយក្នុងនោះលោក ត្រាំ ចោទលោក ចូ បែដិន និងក្រុមគាត់ថាខ្លាចមេរោគកូវីដ-១៩ ពេកទៅណាមកណាត្រូវតែពាក់ម៉ាសមិនសមជាអ្នកដឹក នំាទាល់តែសោះ។ រីឯខាងលោក ចូ បែដិន វិញបានចោទលោក ត្រំា ថាបានដឹកនំាមិនល្អ មិនត្រឹមត្រូវទៅតាមក្បួនពេទ្យ ក្នុងការការពារទប់ទល់នឹង មេរោគកូវីដ-១៩ ដែលជាកត្តាចម្បងញ៉ាំងឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាទទួលការឆ្លង និងស្លាប់យ៉ាងច្រើនលើសគេក្នុងពិភពលោក ។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា ក្នុងចំណុចមួយទៀត អ្វីជាការគួរឲ្យចាប់អារម្មណ៍ផងដែរនោះ បើតាមទម្លាប់នៅសហរដ្ឋអាមេរិក គឺមុនពេលបោះឆ្នោត គេតែង នាំគ្នាធ្វើការស្ទង់មតិដោយស្ថាប័នឯកជនជាច្រើន ដើម្បីឲ្យសាធារណជនបានដឹងថា តើបេក្ខជនណាមានប្រៀបជាងបេក្ខជនណា? ថ្មីៗនេះ បើតាមការស្ទង់មតិបានបង្ហាញថាលោក ចូ បែដិន បានទទួលមតិគាំទ្រច្រើនជាង គឺបានដល់៥៤% ដែលលោក ត្រំា បានទទួលតែ៤៦%ប៉ុណ្ណោះ។ ដោយឈរលើមូលដ្ឋាននៃប្រជាមតិនេះ មានសំនួរសួរថា តើគេជឿទុកចិត្ត១០០% ថា លោក ចូ បៃដិន មានសង្ឃឹម១០០% នឹងជាប់ឆ្នោតជាប្រធានាធិបតី ឬ ទេ?

ចំពោះករណីនេះ «សូមកុំអាលអរពេក! ពីព្រោះយើងអាចក្រទេ្បកមើលព្រឹត្ដិការណ៍ថយក្រោយបន្ដិច ដោយកាលពីអាណត្ដិមុននះ គឺការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ រវាងលោក ដូណាល់ ត្រំា និងលោក ស្រី ហ៊ីលទ្បារី គ្លីនតុន (Hillary Clinton) ដែលប្រជាមតិបង្ហាញថា លោក ត្រំា បាន៤៧% លោកស្រី គ្លីនតុន បានរហូតដល់ទៅ៥១% ដែលលទ្ធផលចុងក្រោយ គឺពិតជាត្រូវមែនសន្លឹកឆ្នោត បានបង្ហាញថាលោក ត្រំា ទទួលបានតែជាងប្រមាណ ៦២,៩៨៤,០០០ សម្លេង រីឯលោកស្រី គ្លីនតុន ទទួលបានច្រើនជាង គឺជាង ៦៥,៨៣៣,០០០សម្លេងប្រមាណ ៣លានសម្លេងលើសលោក ត្រំា យ៉ាងដាច់ តែទីបំផុតនៅតែលោក ត្រាំ ជាប់ជាប្រធានាធិបតី! ។

នេះជាចំណុចមួយ ដែលយើងគួរតែបកស្រាយ ហើយនេះក៏ជាផ្នែកច្បាប់ដ៏កំពូល ដែលគ្មានបេក្ខជនណាប្រកែកបាន គឺថាររដ្ឋធម្មនុញ្ញអាមេរិកំាងបាន ចែងច្បាស់ ពីការ «បោះឆ្នោតជ្រើសរើសប្រធានាធិបតី មិនមែនតាមរយៈការរាប់យកសន្លឹកឆ្នោតដែលថា អ្នកណាបានច្រើនត្រូវជាប់នោះទេ តែគឺជាការបោះឆ្នោតជ្រើសរើសតំណាងបេក្ខជន នៃគណបក្សនីមួយៗ»។ នេះជាការបញ្ជាក់លោក រត្ន័ សណ្ដាប់ ។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់ទៀតថា ចំពោះប្រព័ន្ធបោះឆ្នោតសហរដ្ឋអាមេរិក មានរដ្ឋចំនួន៥០។ ក្នុងនោះឧទាហរណ៍ដូចជា៖ រដ្ឋកាលីហ្វ័រញ៉ា អ្នកមានសិទ្ធិបោះឆ្នោតមានជាង១៥លាននាក់ ស្មើនឹងមានអ្នកតំណាងរបស់រដ្ឋចំនួន៥៥រូប, រដ្ឋហាវ៉ៃ មាន៥២ម៉ឺននាក់ ស្មើនឹងមានអ្នកតំណាង៣រូប, រដ្ឋញូយ៉ក អ្នកមានសិទ្ធបោះឆ្នោតជាង៨លាននាក់ ស្មើនឹងមានអ្នកតំណាង២៩រូប, រដ្ឋដែលទ្បាវែររបស់លោក ចូ បៃដិន មានជាង៤៧ម៉ឺននាក់ ស្មើនឹងមានអ្នកតំណាង ៣រូប។ល។ បើគិតសរុបអ្នកមានសិទ្ធបោះឆ្នោតបច្ចប្បន្ន មានជាង២៤០លាននាក់ ដែលមានអ្នកតំណាងទំាងអស់៥៥០រូប។

បានសេចក្ដីថា ទាល់តែបូកសរុបចំនួនអ្នកតំណាងទាំង៥០រដ្ឋ ឲ្យបានចំនួនពាក់កណ្តាល គឺ២៧៥ហើយបូកនឹង១ទៀត ទើបឈ្នះជាប់ជាប្រធានាធិបតី ។ ត្រង់ហ្នឹងហើយដែលកាលណោះ លោក ត្រាំ បានទទួលសន្លឹកឆ្នោតក្រោម លោកស្រី គ្លីនតុន ៣លានសម្លេងតែលោក ត្រាំ ទទួលបានចំនួនអ្នកតំណាងរហូតដល់៣០៤រូប។

ជាសរុបយើងអាចនិយាយបានយ៉ាងខ្លីថា ចំពោះមហាអំណាចទី១ លើពិភពលោកនេះ បើទោះជានរណាជាប់ គណបក្សណាជាប់ គឺនៅតែជាប្រទេសមហាអំណាចដដែលទេ។ ដូចពាក្យលោកនាយករដ្ឋមន្រ្ដីអង់គ្លេស បូរីស ចនសុន (Boris Johnson) និយាយថា បើទោះជាបេក្ខជនណាជាប់ ក៏ដោយក៏យើងអាចធ្វើការជាមួយអ្នកនោះបានដែរ។ បើដូច្នេះយើងវិញ ក៏គួររង់ចំាមើលផងដែរ តែកុំអន្ទះសាព្រោះជារឿងរបស់គេ៕