(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត នៅថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ស្រូវ និងហេដ្ឋារចនាសម្ព័ន្ធ ដោយជំនន់ទឹកភ្លៀង តាមបណ្ដាឃុំមួយចំនួន ក្នុងស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស។

ការពិនិត្យលើផលប៉ះពាល់ពាក់ព័ន្ធលើការងារមួយចំនួន ដូចជាពិនិត្យផលប៉ះពាល់លើដំណាំស្រូវ, ពិនិត្យលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ និងប្រឡាយទឹក និងស្វែងយល់ត្រៀមរកទីផ្សារស្រូវសំរាប់ប្រជាកសិករ។

ក្នុងឱកាសចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា សុខទុក្ខលំបាក របស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខលំបាករបស់ថ្នាក់ដឹកនាំ។ ពិសេសវត្តមានថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ ដែលចុះមកជួបប្រជាពលរដ្ឋនាពេលនេះ គឺជាការឆ្លើយតបឱ្យបានទាន់ពេលវេលា តាមប្រសាសន៍ណែនាំផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យអាជ្ញាធរខេត្ត ស្រុក ធ្វើការសិក្សាវាយតម្លៃ បានជាមូលដ្ឋាន អំពីការរងផលប៉ះពាល់ជាក់លាក់ ទាំងការងារបង្កបង្កើនផល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន រួមនិងតម្រូវការសំណូមពរជាក់ស្ដែង របស់ប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ធ្វើការស្ដារឡើងវិញឱ្យបានឆាប់រហ័សទាន់ពេលវេលា។

លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងផែនការជាក់លាក់ ដើម្បីជាវិធានការអន្តរាគមន៍ ក៏ដូចជាការផ្ដល់ពូជស្រូវ ជួយដល់ប្រជាពលរដ្ឋ ក្នុងការស្ដារឡើងវិញលើការងារបង្កបង្កើនផល ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។

ទន្ទឹមនោះ ជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងចុងឆ្នាំ ដើម្បីបិទទ្វារអាងទឹក ឬទប់ប្រភពទឹកដែលមានក្នុងមូលដ្ឋាន ទុកបម្រុងត្រៀមសម្រាប់ស្រោចស្រពដំណាំ នារដូវប្រាំងខាងមុខនេះ និងត្រូវណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាទឹកក្នុងស្រែ ឱ្យបានល្អមុនបញ្ចប់រដូវភ្លៀងមកដល់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាជូនកងកម្លាំង ៤០នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល និងប្រជាពលរដ្ឋ ដែលចូលរួមចំនួន ៥៧០នាក់ ទាំងពីរស្រុកខាងលើ ក្នុងម្នាក់ៗ ១ម៉ឺនរៀល សរុបថវិកា ៦លាន ៥០ម៉ឺនរៀល។

សូមបញ្ជាក់ថា ខេត្តកំពតស្ថានភាពនៃការរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដែលនាំឱ្យខូចខាត ផលដំណាំស្រូវ មានស្រុកចំនួន២គឺស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច សរុបរួមនៅផ្ទៃដីចំនួន ១,២២០ហិកតា និងខូចខាត ៤៦៦ហិកតា ស្មើនឹង ០,៣២៨% នៃផ្ទៃដីអនុវត្តបានសរុបចំនួន១៤១,៦៧៤ ហិកតា ក្នុងនោះ ទី១៖ ស្រុកបន្ទាយមាស ប៉ះពាល់លើឃុំចំនួន៧ ស្មើផ្ទៃដីមានចំនួន១,០៧៤ ហិកតា ខូចខាត ៣៩៤ហិកតា ដែលក្នុងនោះដែរមិនអាចស្តាបាន ចំនួន២១ហិកតា និងទី២៖ ស្រុកកំពង់ត្រាចផលប៉ះពាល់ ១៤៦ហិកតា ខូចខាត ៧២ហិកតា ក្នុងនោះមិនអាចស្តារបានចំនួន ២៥ហិកតា៕