(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយនឹងប្រធានក្រុមការងារយុវជន ដឹកនាំដោយ លោក ណុប រ័ត្ននិមល នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ នៅក្នុងបរិវេណវត្តកែវមុន្នី ហៅវត្តថ្មី ស្ថិតក្នុងភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស។

លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថាស្រុកកងមាស ថ្វីដ្បិតតែមិនបានរងផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ប៉ុន្តែអាជ្ញាធរខេត្តបានត្រៀមលក្ខណៈទុកជាមុន ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងកិច្ចការផ្សេងៗទៀត ជាពិសេសដូចជាការជួបជុំគ្នាជាមួយបងប្អូននាពេលនេះ គឺអាជ្ញាធរមូលដ្ឋានបានប្រមូលប្រជាពលរដ្ឋដែលជាគោលដៅងាយរងគ្រោះមុនគេ ដើម្បីដោះស្រាយផ្ដល់ជូននូវការឧបត្ថម្ភយកទៅផ្គត់ផ្គង់ជីវភាពក្នុងរយៈពេលខ្លី។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការផ្ដល់ជូននេះ គឺជាការខិតខំ និងការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល បន្ថែមពីលើអ្វីដែលក្រុមការងារចុះជួយស្រុកកងមាស រួមជាមួយនឹងអាជ្ញាធរនៅទីនេះ បានផ្ដល់ជូនក្នុងគោលបំណងលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើងជាងមុន។

លោកអភិបាលខេត្ត បានបន្តថា ការផ្ដល់ជូននេះផងដែរ គឺស្ដែងចេញពីការគោរពស្រឡាញ់ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្រោមដំបូលឆត្រ នៃរដ្ឋធម្មនុញ្ញតែមួយ ក្នុងនាមខ្មែរតែមួយ ពោលគឺជួយដោះស្រាយបញ្ហានៅពេលដែលបងប្អូនជួបការលំបាក ដោយមិនរត់ចោលគ្នាឡើយ។

សូមបញ្ជាក់ថា អំណោយសម្ដេចតេជោហ៊ុន សែន តាមរយៈប្រធានក្រុមការងារយុវជន និងអាជ្ញាធរខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋទាំង២០០ គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្គរមួយបាវ ត្រីខ១យួរ មី១កេស និងថវិកាចំនួន ៤០,០០០រៀល ផងដែរ៕