(សៀមរាប)៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រជាការពារភូមិចំនួន១២០នាក់ នៅឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានអំណោយ និងថវិកាពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ដែលដឹកនាំដោយលោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង ខេត្តសៀមរាប និងលោក លឹម សម្បិត្ត អធិការស្រុកប្រាសាទបាគង នាឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអ៊ុទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។

គ្រឿងឧបភោគ បរិភោគ ដែលនាំយកទៅប្រគល់ជូននាឱកាសនោះរួមមាន៖ អង្ករ ១០គីឡូក្រាម, សាប៊ូ ១កញ្ចប់តូច, ទឹកត្រី ១យួ, ស្កសរ ១គីឡូក្រាម, ទឹកក្រូច ១យួរ, ប្រេងឆា ១ដប និងថវិកា១មុឺនរៀល ក្នុង១នាក់។

លោកបានពាំនាំការនឹករលឹក និងសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងបានណែនាំឲ្យក្រុមប្រជាការពារបន្តចូលរួមកាន់តែខ្លាំងជាមួយអាជ្ញាធរ និងសមត្ថកិច្ចលេីការងារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនពលរដ្ឋ។

ក្នុងនោះប្រជាការពារទាំង១២០នាក់ បានថ្លែងអំណរគុណដល់លោកក្រុមការ ដែលបានបរិច្ចាគធនធាន ថវិកាផ្ទាល់ខ្លួនសម្រាប់ធ្វើជាអំណោយយកមកចែកជូនដល់ពួកគាត់ ដែលកំពុងជួបការលំបាកជីវភាពក្នុងកំលុងការរីករាលដាលជំងឺកូវីដ-១៩នេះ៕