(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានសហការជាមួយសាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីសុខភាពរស់ប្រចាំថ្ងៃបន្ទាប់ពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងចែកឃីត ដល់សហគមន៍ក្រីក្រ ចំនួន១កន្លែង គឺភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ សរុប៣២០ខ្នងផ្ទះនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

នៅក្នុងយុទ្ធនាការនេះ ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តចំនួន៦៥នាក់ បានចុះអប់រំសុខភាពដូចជា៖ ជំងឺរាគរូស ជំងឺគ្រុនឈាម និងវិធីបង្ការជំងឺផ្សេងៗ ដល់សហគមន៍ក្រីក្រ ក្រោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងបានចែកឱសថសម្រាប់ជំងឺរាគរូស ឈឺក្បាល គ្រុនក្តៅ ចំនួន ៣២០កញ្ចប់ និងអង្ករចំនួន ១០គីឡូក្រាម ក្នុងមួយគ្រួសារ។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត៕