(បន្ទាយមានជ័យ)៖ លោក ស្រេង ស្រស់ អគ្គនាយករង នៃក្រសួងសាធារណការ តំណាងទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានមន្ទីរសាធារណរការខេត្ត និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីស្តារ និងជួសជុលឡើងវិញ ។

លោក ស្រេង ស្រស់ បានឲ្យដឹងថា ការជួសជុលផ្លូវជាតិលេខ៥នេះ មាន២គោលដៅ៖ * គោលដៅទី១៖ នៅចំណុចស្តុបផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, * គោលដៅទី២៖ នៅចំណុចអូខៃដន សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គោលដៅទាំង២នេះ រងនៅទឹកជំនន់ទឹកភ្លៀង និងបាក់ទំនប់អូខៃដន កាលពេលថ្មីៗនេះផងដែរ មិនថាផ្លូវលំ ឬជាតិនោះទេ ត្រូវបានកាត់ផ្តាច់ខូចខាតស្ទើរទាំងស្រុង
ហើយផ្លូវជាតិនេះ មានសារៈសំខាន់សម្រាប់ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផងដែរ។

ក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ផ្លូវនេះ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ដោយមើលឃើញ អំពីការលំបាក របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក ក្នុងការងារប្រកបរបររកស៊ីទទួលទាន ទើបមន្ត្រីជំនាញក្រសួង និងមន្ទីសាធារណការខេត្ត បានចុះពិនិត្យ និងវាយតម្លៃផ្លូវខូចខាត ដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមកនេះ ដើម្បីដាក់សំណើរទៅក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធពិចារណា ជួយស្តារ និងជួសជុលផ្លូវជាតិលេខ៥នេះ សាជាថ្មីឡើងវិញ កុំឲ្យប្រជាពលរដ្ឋជួបការលំបាកយូរ៕