(បន្ទាយមានជ័យ)៖ ផ្ទុះធុងហ្គាសរថយន្តម៉ាកហាយឡេនឌឺ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-៩៥៦៧ បណ្តាលឲ្យមនុស្សជិះក្នុងរថយន្ត របួស៣នាក់ ចំណែករថយន្តឆេះស្ទើរអស់ទាំងស្រុង នៅវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេប៉ុស្តិ៍នគរបាលផ្សារកណ្ដាល បានប្រាប់ឲ្យដឹងថា រថយន្តដែលឆេះនោះ មានម៉ាកហាយឡេនឌឺ អ្នកបើកមានឈ្មោះ សារ៉ាត កន្និកា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅចំណុចមណ្ឌល៦ ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល។
លោកមេប៉ុស្តិ៍នគរបាលផ្សារកណ្ដាល បានប្រាប់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ រថយន្តបានបញ្ចូលហ្គាសក្នុងរថយន្ត១៥គីឡូក្រាម ក្នុងការ៉ាសឈ្មោះ មុំ សុភក្រ័ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ ពេលកំពុងបញ្ចូលហ្គាស ក៏បានផ្ទុះហ្គាសរថយន្ត បណ្តាលឲ្យភាយចំហាយហ្គាសចេញមកខាងក្រៅ ចំឆ្នាំងស៊ុបនៅក្បែរនោះ បណ្តាលឲ្យឆាប់ឆេះតែម្តង។

ក្រោយពីកើតហេតុភ្លាមៗ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងសមត្ថកិច្ចទាំងបី រួមនិងអាជ្ញាធរមូលដ្ឋាន បានបញ្ចេញថយន្តពន្លត់អគ្គិភ័យ១គ្រឿង ជួយបាញ់ទឹកពន្លត់រថយន្តដែលឆេះនោះ យ៉ាងសស្រាក់សស្រាំ។ មួយសន្ទុះក្រោយមក ភ្លើងត្រូវរលត់ជាស្ថាពរ ដោយមិនឆេះឆ្លងដល់ផ្ទះអ្នកដទៃ។

លោកមេប៉ុស្តិ៍នគរបាលផ្សារកណ្ដាល បានប្រាប់ឲ្យដឹងបន្តទៀតថា ការខូចខាតមាន៖ ឆេះរថយន្តឆេះស្ទើរអស់ទាំងស្រុង១គ្រឿង, តូបលក់ចាប់ហួយ និងគ្រឿងទេសមួយចំនួន និងមានមនុស្សរបួស៣នាក់៖ ១ឈ្មោះ សារ៉ាក កក្កដា ភេទប្រុស អាយុ១៤ឆ្នាំ រងរបួសជើងទាំងសងខាង, ២៖ ឈ្មោះ ហ៊ន់ សុវណ្ណារី អាយុ៥ឆ្នាំ រងបួសរលាកដៃជើង និងផ្ទៃមុខ, ៣៖ ឈ្មោះ ហ៊ន់ ដាណេ អាយុ៧ឆ្នាំ រងបួសរលាកដៃជើង និងផ្ទៃមុខ បានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ៕