(ភ្នំពេញ)៖ អង្គការហ្គូដណេប៊ឺសកម្ពុជា (Good Neighbors Cambodia) បានបណ្តុះបណ្តាលកសាងសមត្ថភាពដល់បុគ្គលិកមណ្ឌលសុខភាព ស្ដីពីការចុះផ្ដល់សេវាសុខភាពដល់មូលដ្ឋាន នៃគម្រោងគាំពារសុខភាពមាតា និងទារកនៅភាគឦសាននៃកម្ពុជា គាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

ការបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងសមត្ថភាពស្ដីពីការចុះផ្ដល់សេវាសុខភាពដល់មូលដ្ឋាន នៅខេត្តរតនគីរី និងមណ្ឌលគីរីចំនួន៣វគ្គ សម្រាប់រយៈពេល៣ថ្ងៃក្នុងមួយវគ្គ ដែលបានចាប់ពីផ្ដើមថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

លើសពីនោះ ក្រុមការងារអនុវត្តគម្រោងនៃអង្គការហ្គូដណេប៊ឺសកម្ពុជា (PMC) បានបណ្តុះបណ្តាលគ្រូបង្គោលនៃមន្ទីរសុខាភិបាលខេត្ត និងស្រុកប្រតិបត្តិតាមរយៈការអញ្ជើញ សាស្រ្តាចារ្យមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មកពីរាជធានីភ្នំពេញ ហើយសាស្រ្តាចារ្យទាំងអស់ បានបង្កើតកម្មវិធីសិក្សារយៈពេល ៥ថ្ងៃនៃថ្នាក់បណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់សកម្មភាពការចុះផ្ដល់សេវាសុខភាពដល់មូលដ្ឋាន។

ជាពិសេសដើម្បីការពារកង្វះខាតបុគ្គលិកពេទ្យនៅតាមមណ្ឌលសុខភាព បានបណ្តុះបណ្តាលសិក្ខាកាមចម្រុះគ្នា មកពីបុគ្គលិកមណ្ឌលសុខភាពខេត្តមណ្ឌលគីរី ទទួលវគ្គបណ្ដុះបណ្ដាលនៅខេត្តរតនៈគីរី និងបុគ្គលិកមណ្ឌលសុខភាពខេត្តរតនគិរី មកទទួលវគ្គបណ្តុះបណ្តាលនៅខេត្តមណ្ឌលគិរី។

ការចុះផ្ដល់សេវាសុខភាពដល់មូលដ្ឋាន គឺជាសេវាកម្មដែលបុគ្គលិកមណ្ឌលសុខភាពចុះទៅភូមិផ្ទាល់ ដោយផ្តោតសំខាន់លើការចាក់វ៉ាក់សាំងកុមារ។ ដោយសារភូមិនៅឆ្ងាយពីមណ្ឌលសុខភាព មិនអាចទៅមណ្ឌលសុខភាព ដើម្បីទទួលការចាក់វ៉ាក់សាំងការពារកុមារបាន។

សម្រាប់ការចុះផ្ដល់សេវាសុខភាពដល់មូលដ្ឋានបុគ្គលិកមណ្ឌលសុខភាពចំនួន២នាក់ ត្រូវបានចាត់តាំងឱ្យចុះតាមភូមិដែលបានកំណត់រៀងរាល់ពីរខែម្តង ប៉ុន្តែបុគ្គលិកមណ្ឌលសុខភាព មិនអាចផ្តល់សេវាសុខភាពដល់មូលដ្ឋានបានគ្រប់គ្រាន់ទេ ដោយសារតែថវិកាមិនគ្រប់គ្រាន់ និងកង្វះបុគ្គលិកពេទ្យ។

ជាពិសេសខេត្តរតនៈគីរី និងមណ្ឌលគីរី ដែលមានលក្ខណៈភូមិសាស្ត្រ គឺជាតំបន់ភ្នំ ហើយមានភូមិជាច្រើនដែលមិនអាចមកដល់មណ្ឌលសុខភាពបាន ដោយសារទឹកជំនន់ទឹកទន្លេ និងមិនអាចទទួលបានសេវាវេជ្ជសាស្រ្តចាំបាច់បាន។

ដូច្នេះចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ កយកា-KOICA ផ្ដល់ថវិកាចំនួន៧លានដុល្លារ ដែលជាជំនួយផ្តល់ដោយរដ្ឋាភិបាលកូរ៉េ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាវេជ្ជសាស្រ្តចាំបាច់ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី និងមណ្ឌលគីរី ដែលជាតំបន់ភូមិសាស្ត្រដាច់ស្រយាលបំផុតនៅក្នុងភូមិភាគឦសាននៃកម្ពុជា។

ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចុះផ្ដល់សេវាសុខភាពដល់មូលដ្ឋាន ដល់ប្រជាជននៅតាមតំបន់ ដែលមានការលំបាក ការពង្រឹងសមត្ថភាពបុគ្គលិកមណ្ឌលសុខភាព គឺជាផ្នែកសំខាន់បំផុតដូច្នេះ PMC បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៣ សម្រាប់បុគ្គលិកមណ្ឌលសុខភាព។

ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនៃមន្រ្តីមណ្ឌលសុខភាពក្រង់តេះ ក្នុងខេត្តមណ្ឌលគីរី លោកស្រី គង់ កុម្ភៈ បានឱ្យដឹងថា ចាប់តាំងពីចាប់ផ្តើមធ្វើការនៅមណ្ឌលសុខភាព នេះជាលើកដំបូង ដែលលោកស្រីទទួលបានការបណ្តុះបណ្តាល ស្ដីពីការចុះផ្ដល់សេវាសុខភាពដល់មូលដ្ឋាន។

លោកស្រីបន្ដថា «ពីមុនខ្ញុំគិតថា ប្រសិនបើខ្ញុំចុះតាមភូមិ ដើម្បីផ្ដល់សេវាសុខភាពដល់មូលដ្ឋាន ខ្ញុំផ្តោតតែលើការចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះទៅប្រសិនបើខ្ញុំ ទៅតាមភូមិដើម្បីផ្ដល់សេវាសុខភាពដល់មូលដ្ឋាននាពេលអនាគត ខ្ញុំនឹងមិនត្រឹមតែផ្តល់ការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ តែថែមទាំងមានការគ្រប់គ្រងថែទាំ ស្រ្តីមានផ្ទៃពោះមុនពេលសម្រាល ជំងឺឆ្លងរបស់អ្នកភូមិ ជាពិសេសការអប់រំអំពីការការពារជំងឺឆ្លងដូចជាការអប់រំដើម្បីការពារជំងឺកូវីដ១៩ ការត្រួតពិនិត្យក្រោយពេលសម្រាល និងការវាស់វែងនៃការលូតលាស់ និងការអភិវឌ្ឍរបស់កុមារអាយុ ក្រោម៥ឆ្នាំ។

មន្រ្តីមណ្ឌលសុខភាពញ៉ាង នៃខេត្តរតនគិរី លោក ជុំ រត្ន័មុនី បានលើកឡើងផងដែរថា នេះជាលើកទីដំបូងហើយ ដែលការបណ្តុះបណ្តាលត្រូវបានធ្វើឡើងរួមគ្នាទាំងពីរខេត្ត ហើយវាជាឱកាសដ៏ល្អមួយ ដែលបានមកទទួលការអប់រំពីខេត្តរតនគិរី ដល់ខេត្តមណ្ឌលគីរី។ «ដូច្នេះយើងអាចពិភាក្សាគ្នាបានរវាងបុគ្គលិកមណ្ឌលសុខភាពខេត្ត និងរៀបចំផែនការសកម្មភាពរួមគ្នា ដើម្បីរៀបចំបរិស្ថានថ្មីនៃការផ្ដល់សេវាសុខភាពដល់មូលដ្ឋាននៅខេត្តមណ្ឌលគីរី និងខេត្តរតនៈគិរី»។

លោកបន្ដថា ការបណ្តុះបណ្តាលរួមគ្នារវាងខេត្តទាំង២នេះ មានប្រសិទ្ធភាពខ្ពស់ដើម្បីការពារអវត្តមានបុគ្គលិកពេទ្យនៅមណ្ឌលសុខភាព។ «ខ្ញុំសង្ឃឹមថា នឹងមានការបណ្តុះបណ្តាលបន្ថែមទៀតតាមរបៀបនេះ»។ ជាងនេះទៅទៀត នៅពេលអនាគតលោកសង្ឃឹមថា គម្រោងគាំពារសុខភាពមាតា និងទារកនៅភាគឦសានរបស់KOICA នឹងគ្របដណ្ដប់ជាសកល៕