(បន្ទាយមានជ័យ)៖ អង្គការការីតាសរបស់ប្រទេសស្វីស បាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១៨០០គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែករំលែកការលំបាករបស់រាជរដ្ឋាភិបាល និងជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ពលរដ្ឋរងគ្រោះ។

អំណោយដែលនាំទៅចែកជូនពលរដ្ឋរងគ្រោះនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ និងត្រីខកំប៉ុងផងដែរ។ ពិធីចែកអំណោយត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី, មន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការការីតាសស្វីសមួយចំនួនទៀត។

ក្នុងឱកាសនោះលោក ខាំ ស៊ីងួន តំណាងអង្គការការីតាសស្វីសប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ធ្វើអន្តរាគមន៍ជួយពលរដ្ឋពីគ្រោះទឹកជំនន់នេះ។ លោក ខាំ ស៊ីងួន បានឱ្យដឹងថា ការផ្តល់អំណោយសង្គ្រោះនេះ ដើម្បីចូលរួមរំលែកការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងចូលរួមចំណែកជួយរម្លែកការលំបាករបស់រាជរដ្ឋាភិបាលផងដែរ។

តំណាងអង្គការការីតាសរបស់ស្វីសរូបនេះ បានបន្តថា ក្រៅពីជំនួយសង្គ្រោះបន្ទាន់នេះ អង្គការរីតាសស្វីសតាមរយ:អង្គការស៊ីដូ ជាដៃគូ នឹងបន្តចូលរួមជាមួយអាជ្ញាធរ ដើម្បីលើកកម្ពស់វិស័យកសិកម្ម នៅពេលក្រោយទឹកជំនន់មានដាំដុះ និងចិញ្ចឹមសត្វ។ ក្រៅពីជំនួយបន្ទាន់នាពេលនេះ គឺអង្គការនឹងបន្តជួយដល់ការស្តារវិស័យកសិកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋ ហើយអង្គការ មិនត្រឹមតែប្រតិបត្តិការនៅបន្ទាយមានជ័យទេ គឺនៅខេត្តផ្សេងៗមួយចំនួនទៀត។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការការីតាស ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពគាំពារ និងជួយដល់សង្គមកម្ពុជា ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អង្គការការីតាសស្វីសល្អណាស់។ ធ្វើការងារឈរលើមូលដ្ឋានតម្រូវការមនុស្សធម៌ និងឆ្លើយតបជាក់ស្តែងដល់សហគមន៍ដែលកំពុងត្រូវការជំនួយតាមរយ:ការសម្របសម្រួលជាមួយគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកំណត់តំបន់ត្រូវចែកចាយនិងសហការបំពេញគ្នាទៅវិញទៅមកបានល្អទៀតផង»

តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណអង្គការការីតាសសម្រាប់សកម្មភាពមនុស្សធម៌ និងបានអំពាវនាវដល់អង្គការបន្តធ្វើសកម្មភាពបែបនេះបន្តទៀត ដើម្បីរួមចំណែកជួយដល់ជនរងគ្រោះ។

ក្នុងឱកាសចែកអំណោយនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ និងចូលរួមសម្តែងនូវការសោកស្តាយចំពោះផលប៉ះពាល់ទាំងឡាយកើតពីជំនន់ទឹកភ្លៀង។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីការអន្តរាគមន៍មួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយពលរដ្ឋរងគ្រោះទាំងក្នុងកំលុងពេលជួបការលិចលង់ និងក្រោយពេលទឹកស្រកទៅវិញ។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា នៅពេលលិចលង់អន្តរាគមន៍ចាំបាច់របស់សម្តេចតេជោ គឺជួយសង្គ្រោះចេញពីទឹកជំនន់ រកទីទួលសុវត្ថិភាព និងផ្តល់ជំនួយស្បៀងអាហារ។

លុះពេលទឹកស្រកទៅវិញ អន្តរាគមន៍ពិសេសរបស់សម្តេចតេជោ គឺជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ តាមរយៈជំរុញការធ្វើស្រែ ដាំដុះបន្លែបង្ការផ្សេងៗ និងចិញ្ចឹមសត្វ។ ក្នុងសម្តេចតេជោ បានបញ្ចេញទាំងពូជស្រូវ និងពូជដំណាំផ្សេងៗជូនដល់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ដើម្បីស្តារជីវភាពពលរដ្ឋឡើងវិញក្រោយទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់រដ្ឋមន្ត្រីចំនួន៤ រួមមាន៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើការព្រមៗគ្នា ដើម្បីស្តារឡើងវិញផ្លូវជាតិ ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក ដែលរងការខូចខាត រកវិធីទប់ទឹកទុកប្រើប្រាស់ជាដើម ខណៈក្រសួងកសិកម្ម ត្រូវចុះចែកពូជស្រូវ និងដំណាំដល់ពលរដ្ឋរងគ្រោះ។

ទន្ទឹមនឹងការរំលឹកនូវចំណាត់ការ វិធានការរបស់សម្តេចតេជោហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកដល់អាជ្ញាធរនៅតាមខេត្ត និងមូលដ្ឋានដែលរងការជន់លិច ត្រូវជួយធ្វើអន្តរាគមន៍ និងសម្របសម្រួលផងដែរ ដើម្បីជួយឱ្យការងារបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋ ទទួលបានប្រសិទ្ធិភាពខ្ពស់៕