(កំពង់ឆ្នាំង)៖ អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយព្រះមន្រ្តីសង្ឃស្រុករលាប្អៀរ រួមនិងប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តធម្មរតនសោភា ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រមូលបច្ច័យបានជាង៥០លានរៀល។

អង្គកឋិនទាននេះបានធ្វេីឡេីងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ និមន្តដឹកនាំដង្ហែដោយ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ និងមានការចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង, ព្រះធម្មធរអនុគណស្រុករលាប្អៀរ, ព្រះសមុហ៍អនុគណព្រះលេខាអនុគណ, ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការវត្ត សម្តេចនន្ទង៉ែតសែនជ័យសត្ថារាម និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា,ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះចៅអធិការវត្តបល្ល័ង្គ និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងដោយមានការចូលរួមពីចៅអធិការគ្រប់វត្តក្នុងស្រុករលាប្អៀរ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយចូលរួមផងដែរ។

ព្រះសិរីធម្មវង្សា សេង ដា ព្រះចៅអធិការវត្តធម្មរតនសោភា បានមានសង្ឃដីការថា ពិធីបុណ្យកឋិន ឬកឋិនទាន ជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា។ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនាជាគោល ទើបប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានប្រារព្ធពិធីបុណ្យមួយនេះឡើងជារៀងរាល់ឆ្នាំ។

ព្រះសិរីធម្មវង្សា សេង ដា បានបន្តថា នៅក្នុងពិធីបុណ្យនេះ ព្រះគ្រូ មន្រ្តីសង្ឃស្រុករលាប្អៀរ និងពុទ្ធបរិស័ទចំណុះជើងវត្ត តែងនាំគ្នាប្រារព្ធពិធីបុណ្យកឋិន តាមទីអារាមក្បែរផ្ទះ ឬឆ្ងាយ បុណ្យកឋិនគឺជាកុសលដែលធ្វើឡើងដោយនាំសំពត់ចីវរទៅប្រគេនព្រះសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាស។

បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យនេះតែងតែត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ បុណ្យកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តផងដែរ ។ ផលបុណ្យរបស់អ្នកធ្វើកឋិន ទោះគ្រហស្ថក្ដីបព្វជិតក្ដី គឺផ្អែកទៅលើចេតនាទាំងបីរបស់អ្នកធ្វើប្រកបដោយសទ្ធា និងបញ្ញាសម្បផង ទាំងសម្ភារៈកឋិន ថ្លៃថ្លាឧត្តមប្រណីត សម្បូរបែបផងដែរ៕