(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែតុលា ២០២០ បានអញ្ចើញជួបសំណេះសំណាលជាមួយក្រុមការងារ សម្របសម្រួលកិច្ចសហប្រតិបត្តិការ (TASK FORCE GCNP-FBI) និងប្រកាសដាក់ដំណើរការការិយាល័យជាផ្លូវការ ដែលមានទីតាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

គិតមកដល់ពេលនេះ នគរបាលជាតិកម្ពុជា មានការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការ ជាមួយភាគីនគរបាលមិត្តបរទេសចំនួន ០៣ ហើយ រួមមាន ក្រុមប្រឆាំងបទល្មើសឆ្លងដែន (TCT) ជាមួយភាគីនគរបាលអូស្ត្រាលី AFP, ការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងក្រុមការងារ TASK FORCE GCNP-FBI នៅពេលនេះ។

ក្រុមការងារទាំង០៣ខាងលើ ត្រូវបាននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ភារកិច្ចជូនឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង ឲ្យទទួលដឹកនាំបញ្ជាបន្ថែមពីលើការងារដែលមានស្រាប់ គឺការងារដឹកនាំនាយកដ្ឋានកណ្ដាលសន្តិសុខ និងការងារប្រឆាំងការសម្អាតប្រាក់។

ជារួមការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការទាំង ០៣ ខាងលើ មានតួនាទីភារកិច្ចប្រហាក់ប្រហែលគ្នាគឺ ការពង្រឹងប្រសិទ្ធភាពកិច្ចសហការស៊ើបអង្កេត និងបង្ក្រាបជនល្មើសដែលប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើភេរវកម្ម, ការជួញដូរ និងរត់ពន្ធមនុស្ស, ទេសចរណ៍ផ្លូវភេទ និងអំពើអនាចារកុមារ, ការជួញដូរគ្រឿងញៀនខុសច្បាប់, ការរត់ពន្ធអាវុធ, បទល្មើសសម្អាតប្រាក់, បើទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា, ការតាមចាប់ជនល្មើសរត់គេចខ្លួន និងបទល្មើសផ្សេងៗទៀតតាមការឯកភាពគ្នារបស់ភាគីទាំងពីរ៕