(ពោធិ៍សាត់)៖ លោក ស្មាន ទៀត រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានបន្តចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកកញ្ចប់អាហារ ចំនួន២៩៩គ្រួសារ នៅភូមិចុងខ្លុង ឃុំអូសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីលោកអភិបាលស្រុកក្រគរ លោកមេឃុំ លោកមេភូមិ ហាកឹម និងសមាជិកសមាជិការក្រុមការងារ ព្រមទាំងយុវជន សសយក ឃុំ អូសណ្តាន់។

ក្នុងកិច្ចសំណេះសំណាលនេះ លោក ស្មាន ទៀត បានសំដែងនូវមនោសញ្ចេតនា អាណិតស្រលាញ់បងប្អូន ទាំងគ្រួសារជនរងគ្រោះដោយជំនន់ទឹកភ្លៀង ក៏ដូចជាគ្រួសារទីទាល់ក្រផងដែរ និងបានពន្យល់ប្រាប់ពីតម្លៃនៃសន្តិភាព ដែលសម្ដេចតេជោ និងសហការីទាំងអស់ ខិតខំរកបានមកទាំងលំបាកលំបិន ព្រមទាំងដឹកនាំនាវាមួយនេះ ឲ្យមានការរីកចំរើនទៅមុខជាលំដាប់ ។

លោក ស្មាន ទៀត ក៏បានពាំនាំនូវការងារសាកសួរសុខទុក្ខពី លោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ដែលតែងតែយកចិត្តទុកដាក់ ពីក្តីកង្វល់នានារបស់បងប្អូន ដោយប្រទេសយើងមានសន្តិភាពពេលេញ ទើបយើងមានលទ្ធភាពជួយគ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ ។

លោកក៏បានផ្តាំផ្ញើឲ្យបងប្អូនរស់នៅស្អាត ថែររក្សាសុខភាព ជាពិសេសសុំឲ្យបងប្អូនចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបជូនថា គិតមកដល់ពេលនេះ លោក ស្មាន ទៀត បានចែកដល់បងប្អូននៅស្រុកក្រគរ និងស្រុកកណ្តៀង សរុបប្រមាណ១,៥០០គ្រួសារហើយ និងនៅតែបន្តជួយសង្គមបន្តបន្ទាប់ទៀត៕