(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកវាលវែង បានសហការបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ) ឃាត់រថយន្ត១គ្រឿងរួមទាំងតៃកុង និងវត្ថុតាង ដើម្បីនាំយកទៅបន្តនីតិវិធី។

ករណីបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ខាងលើ ធ្វើឡើងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា លទ្ធផលកម្លាំងសហការអនុវត្តបានរួមមាន ឃាត់ខ្លួនមនុស្ស១នាក់ រួមទាំងរថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ព័ណ៌ខ្មៅ ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2l-5369 និងវត្ថុតាង(ឈើ) ប្រភេទលេខ១ ចំនួន៣៥ដុំ ស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណ។

បច្ចុប្បន្នជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300 និងឈើចំនួន៣៥ដុំ ស្មើនឹងចំនួន២,៤៧១ម៉ែត្រត្រីគុណ ត្រូវបានដឹកជញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរង់ចាំបន្តនីតិវិធី៕