(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមរយៈលោកឧត្ដមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ ចំនួន៥០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក លៀង ភារម្យ ក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ផងដែរ។

លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ បានអំពាវនាវដល់ពលរដ្ឋ សូមថែរក្សាសុខភាព មានអនាម័យល្អ ក្នុងការរស់នៅ និងប្រញាប់ស្តារការបង្កបង្កើនផលដាំដុះ និងចិញ្ចឹមសត្វឡើងវិញ ក្រោយពេលទឹកស្រក ដើម្បីសម្រាប់បរិភោគ និងលក់ដូរ យកថវិកាមកផ្គត់ផ្គង់ក្រុមគ្រួសារ។

ដោយអំណោយទាំងនោះរួមមាន អង្ករចំនួន២៥គីឡូ, មីចំនួន១កេស, ទឹកត្រី, ទឹកស៉ីអ៉ីវ, ទឹកសុទ្ធ, ត្រីខកំប៉ុង ចំនួន១យួរ និងថវិកាម្នាក់២០,០០០រៀល។

ជាមួយគ្នានោះដែរ ក៏បានផ្តល់នូវថវិកាជូនដល់សាលាឃុំអន្លង់រាប ចំនួន៥០ម៉ឺនរៀល, ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប ចំនួន៥០ម៉ឺនរៀល, សាលាអនុវិទ្យាល័យអន្លង់រាប ចំនួន៥០ម៉ឺនរៀល, គ្រួសារពិការភាព កូនបីនាក់ ចំនួន១,៥០០,០០០រៀល, អង្ករ ចំនួន៥០គីឡូ, មី ចំនួន៣កេស, ទឹកត្រី ចំនួន១យួរ៕