(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការ នៃអាជ្ញាធរជាតិអាវុធគីមី និងក្រុមការងារ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលកាកសំណល់ គ្រាប់បែកគីមីចំនួន៣ឃុំ នៅចំណុចភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ការចុះពិនិត្យមើលនេះ ក៏មានការចូលរួមពីលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រុមការងារ អាជ្ញាធរអាវុធគីមី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងអាជ្ញាធរឃុំទាំង៣ មានឃុំគគីរ ឃុំត្រស់ និងឃុំអំពិល។

បើតាមអភិបាលស្រុករមាសហែក គ្រាប់បែកគីមីសរុប៥៩គ្រាប់ ស្មើ៥៩ទីតាំង ក្នុងភូមិសាស្ត្រចំនួន៣ឃុំ រួមមាន៖ នៅឃុំគគីរចំនួន៣៧គ្រាប់ ឃុំអំពិលមាន៣គ្រាប់ ស្មើ៣ទីតាំង និងឃុំត្រស់មាន ១៩គ្រាប់ ស្មើ១៩ទីតាំង។ ចំពោះចំណុចទីតាំងដែលបានវេចខ្ចប់រួចចំនួន៣គ្រាប់ ចំណុចទីតាំងធ្វើរបងហ៊ុព័ទ្ធមានចំនួន៤ទីតាំង ខណៈចំណុចទីតាំងដែលចាក់ដីលុបមិនមាននោះទេ។

មន្ត្រីអាជ្ញាធរជាតិអាវុធគីមី បានឲ្យដឹងថា គោលបំណងបេសកម្មរបស់នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា នាពេលនេះរួមមាន៖

*ដើម្បីចុះសិក្សាស្រាវជ្រាវរុករកគ្រាប់បែកគីមីកាកសំណល់សង្គ្រាមទសវត្សរ៍ទី ៦០-៧០
*ចូលរួមអនុវត្តតាមតួនាទីភារកិច្ចរបស់នាយកដ្ឋានគ្រប់គ្រងសារធាតុអាវុធគីមី *ការប្រមូលចងក្រងឯកសារទិន្ន័យចំណុចទីទាំងកាកសំណល់គ្រាប់បែកគីមីឲ្យបានច្បាស់លាស់ និងបន្តការរុករកសំណល់គ្រាប់បែកគីមី និងចងក្រងទិន្ន័យ។

មន្ត្រីដដែលបានបន្ថែមថា ក្នុងនោះក៏ដើម្បីពង្រឹងសមត្ថភាពក្រុមការងាររុករកឲ្យកាន់តែប្រសើរឡើង និងបន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីឥទ្ធិពលកាកសំណល់ គ្រាប់បែកគីមី ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងនោះក្រុមការងារក៏បានទទួលយកសំណើមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឱ្យខាងអាជ្ញាធរស្រុកក៏ដូចជា អាជ្ញាធរអាវុធគីមីជួយដោះស្រាយផងដែរ៕