(បាត់ដំបង)៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការកាងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកសង្កែ បាននាំអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង យកទៅចែកជូនពលរដ្ឋ២៨៥គ្រួសារ រងគ្រោះទឹក
ជំនន់នៅក្នុងបរិវេណវត្តសម្តេច ស្ថិតក្នុងភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ពិធីនេះក៏មានការចូលរួមពីលោក ហ៊ូ សេនហ្វាទីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ជាប្រធានក្រុមប្រឹក្សាឥស្លាមអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីក្រុមការងារស្រុកសង្កែ ឃុំតាប៉ុន និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

លោក ហ៊ូ សេនហ្វាទីត បានឲ្យដឹងថា ក្រុមប្រឹក្សាឥស្លាមអភិវឌ្ឍន៍កម្ពុជា បានមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋកម្ពុជារងគ្រោះទឹកជំនន់ ពិសេសនៅខេត្តបាត់ដំបង លោកបានសម្តែងនូវមនោ សញ្ចេតនាដ៏ជ្រាលជ្រៅបំផុតជាមួយពលរដ្ឋកម្ពុជា ហើយបានផ្តល់អំណោយមនុស្សធម៌ជូនសម្តេចក្រឡាហោម ស ខេង សម្រាប់យកទៅចាត់ចែងជូនដល់ជនរងគ្រោះទូទៅ។

លោក កុល វីរក្ស បានឲ្យដឹងថា ក្រោយសម្តេចក្រឡាហោម ទទួលអំណោយមនុស្សធម៌រួចហើយ សម្តេចបានចាត់ឲ្យលោក ដែលជាប្រធានក្រុមការងារស្រុកសង្កែ សហការជាមួយលោក ហ៊ូ សេនហ្វាទីត ចុះចែកអំណោយទាំងនោះដោយផ្ទាល់ជូនពលរដ្ឋរងគ្រោះទាំងអស់នោះតែម្តង។

លោកបានបញ្ជាក់ថា ពលរដ្ឋដែលទទួលរងផលប៉ះពាល់ទឹកជំនន់នេះមានជាង ១ម៉ឺនគ្រួសារ តែកន្លងថ្មីៗនេះ រាជរដ្ឋាភិបាល ក្រុមការងារកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្ត សប្បុរសជននានា បានចែកអំណោយជូនបានចំនួនជាង៦ពាន់គ្រួសារហើយ ចំនួននៅសល់យើងសហការគ្នាបន្តចែកជូនឲ្យអស់ ដើម្បីជួយពួកគាត់កំពុងជួបការលំបាក ក្នុងជីវភាព១គ្រាសិន ហើយអំពាវនាវឲ្យបងប្អូន ងាកមកដាំបន្លែ ចិញ្ចឹមសត្វ ដោះស្រាយជីវភាពគ្រួសារបណ្តោះអាសិនទំរាំទឹកស្រកមកដូចដើមវិញ។

អំណោយរបស់សម្តេចក្រឡាហោម ដែលបានចែកជូននាពេលនេះគឺជូនដល់គ្រួសាររងគ្រោះ ទឹកជំនន់នៅឃុំតាប៉ុនទាំង២៨៥គ្រួសារ ដោយម្នាក់ៗ ទទួលបាន អង្ករ១៦គីឡូក្រាម, ទឹកស៊ីអ៊ីវ១ដប, ប្រេងឆាចំណុះ១លីត្រចំនួន១ដប, ត្រីខ៥កំប៉ុង និងថវិកា៤ម៉ឺនរៀល៕