(កោះកុង)៖ អង្គកឋិនទានមួយ ដែលផ្តួចផ្តើមឡើងដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះជួយខេត្តកោះកុង, នាយឧត្តមសេនីយ៍ចៅ ភិរុណអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះជួយស្រុកបុទុមសាគរ។

នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ និងលោកស្រី ហ៊ឹម ច្រឹប ព្រមទាំងក្រុមគ្រួសារ និងសហការី ចូលរួមប្រកបដោយសុទ្ធាជ្រះថ្លា ផ្ដើមជាអង្គកឋិនទានប្រមូលបច្ច័យ ត្រៃចីវរ និងគ្រឿងបរិក្ខារ ដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តចន្ឌ មុនីរាមហៅ (វត្តអណ្តូងទឹក) ស្ថិតក្នុងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកស្រី ហ៊ឹម ច្រឹម និងអ្នកផ្តើមបុណ្យទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានចូលបច័្ចយ ដល់អង្គកឋិនទាន និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ ជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងសូមសមប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។ ហើយក្នុងមួយឆ្នាំរយៈពេលដែលអាចធ្វើកឋិនបាន មានតែ២៩ថ្ងៃប៉ុណ្ណោះ គឺចាប់ពី១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី ៣១ ខែតុលា ហៅថា កឋិនកាល។

ក្នុងឱកាសបុណ្យកឋិនទាននេះ លោក មាស ប៊ុនឡី បានបានថ្លែងពាំនាំនូវសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ ជូនដល់ប្រជាពុទ្ធបរិស័ទ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅក្នុងស្រុកបុទុមសាគរទាំងមូលផងដែរ។

លោកបានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក រួមនិងប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងមូលដ្ឋានពិសេស ក្នុងខេត្តកោះកុង ទាំងមូល ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងដំណើរកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ រក្សាបាននូវស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ធានាបាននូវ សុខសុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយជីវភាពសុខដុមរមនាយ៉ាងពិតប្រាកដ ក្នុងមូលដ្ឋានខេត្តកោះកុង។

លោក មាស ប៊ុនឡី បានបន្តថា ភាពរីកចម្រើនរបស់ប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងក្ដីសប្បាយរីករាយ និងលូតលាស់រីកចំរើនទាំងអស់ដូចសព្វថ្ងៃនេះ គឺផ្ដើមចេញនូវមូលដ្ឋានគ្រឹះ នៃនយោបាយឈ្នះឈ្នះក្រោមម្លប់នៃសុខសន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យ៉ាងពេញបរិបូណ៌។

ដោយឡែក សម្រាប់សមិទ្ធផលនានានៅមូលដ្ឋានក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុងនាពេលនេះ លោក មាស ប៊ុនឡី បានវាយតម្លៃ និងកោតសរសើរ ពីភាពរីកចម្រើននិងមានការអភិវឌ្ឍន៍ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ធូរធារគួរឲ្យកត់សម្គាល់។

ជាក់ស្ដែងមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក៏ដូចជាក្នុងសហគមន៍ ពិសេសក្នុងនោះដែរ សមទ្ធិផលនៅក្នុងវត្តអណ្តូងទឹកនេះ ក៏មានការរីកចម្រើន ក្រោមកិច្ចខិតខំរបស់ព្រះសង្ឃប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ថ្នាក់ដឹកនាំ និងសប្បុរសជននានា ក្នុងន័យចូលរួមចំណែកបម្រើវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ធ ឲ្យបានកាន់តែរុងរឿងប្រសើរឡើងថែមទៀត។

លោកក៏បានអំពាវនាវផ្ដាំផ្ញើដល់ អាជ្ញាធរ ប្រជាពលរដ្ឋកងកម្លាំង ក្នុងមូលដ្ឋាននៃឃុំអណ្តូងទឹកទាំងមូល សូមឲ្យបន្តចូលរួមកិច្ចសហការគ្នាឲ្យបានកាន់តែសកម្មថែមទៀត ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ពិសេសសុខសន្តិភាពដែលរកបានមកដោយលំបាក និងត្រូវជំរុញការចូលរួមសហការក្នុង កិច្ចអភិវឌ្ឍមូលដ្ឋាន ឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត។

បច្ច័យដែលប្រមូលបានពីអង្គកឋិនសាមគ្គីនេះ គឺមានចំនួនជាង៥៣លានរៀល ហើយបច្ច័យទាំងអស់នេះ តម្កល់ទុកកសាងសមិទ្ធផលនានា ក្នុងវត្តអណ្តូងទឹក ហើយលោក មាស ប៊ុនឡី និងលោកស្រី បានឧបត្ថម្ភដល់កម្លាំងប្រជាការពារ នគរបាល អាវុធហត្ថស្រុកនូវថវិកាមួយចំនួន និងបានឧបត្ថម្ភដល់សិស្សានុសិស្ស ទទួលបានសៀវភៅ ប៉ិចមួយចំនួនទៀតផងដែរ៕