(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរសង្កាត់ និងមន្ត្រីខណ្ឌ កងកម្លាំងទាំងអស់ ដែលបានបំពេញការងារ និងបំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក និងបានជំរុញឲ្យមន្ត្រីទាំងអស់បន្តការងារនេះថែមទៀត។

នៅក្នុងឱកាសនេះដែរ លោក ចេង មុនីរ៉ា បានលើកឡើងពីបញ្ហាសំរាមដែលកន្លងមក កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មមិនបញ្ចេញរថយន្ត និងមិនប្រមូលសំរាម ប៉ុន្តែការងារនេះ គឺមន្ត្រីសង្កាត់ខណ្ឌយើង បានសហការគ្នាប្រមូលសំរាមនៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ បានល្អដោយមិនមានការកកស្ទះនោះទេ។ បញ្ហានេះលោកអភិបាលខណ្ឌ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រីទាំងអស់ ដែលបានខិតខំធ្វើការងារនេះទាំងថ្ងៃទាំងយប់។

ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាប្រព័ន្ធលូ ប្រឡាយមានការកកស្ទះ ដែលធ្វើឱ្យភូមិមួយចំនួន បានលិចទឹកដោយសារជំនន់ទឹកភ្លៀង លោក ចេង មុនីរ៉ា បានប្រាប់ទៅចៅសង្កាត់ទាំងអស់ ត្រូវចុះពិនិត្យមើលប្រព័ន្ធលូបន្ទាប់ពីទឹកស្រក ជាពិសេសត្រូវពិនិត្យមើលប្រឡាយទឹក ដែលមានការសាងសង់សំណង់អនាធិបតេយ្យរំលោភលើប្រឡាយ ជាហេតុបង្កឱ្យប្រឡាយរួមតូច ទឹកពិបាកហូចេញ មានការកកស្ទះ និងធ្វើឱ្យលិចទឹកនៅភូមិឋានរបស់ប្រជាពលរដ្ឋផងដែរ៕