(កោះកុង)៖ ក្រុមហ៊ុន Union Development Group Co, Ltd បានផ្តល់អំណោយដល់សាខាកាកបាតក្រហមកម្ពុជាខេត្តកោះកុង សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះ ងាយរងគ្រោះដោយសារ គ្រោះធម្មជាតិព្យុះភ្លៀង ខ្យល់កន្ត្រាក់ផ្គររន្ទះចំនួន៩៦គ្រួសារ ដែលរងផលប៉ះពាល់ ស្ថិតនៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ការចុះសួរសុខទុក្ខសំណេះសំណាល និងអំណោយជូនពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនេះបានធ្វើឡើងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមខេត្ត មានការចូលរួមតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះលោកស្រី មិថុនា ភូថង បានថ្លែងថា សាខាកាកបាតក្រហមកម្ពុជា នៅកៀកជាប់បងប្អូនជានិច្ចមិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ ដោយមិនគិតថាភូមិសាស្រ្តនោះជិត ឬឆ្ងាយឡើយឱ្យប្រជាពលរដ្ឋជួបបញ្ហាគ្រោះធម្មជាតិ ហើយមិនបានប្រកាន់ពីនិន្នាការនយោបាយពូជសាសន៍ សាសនាពណ៌សម្បុលឡើយ។

នាយឱកាសនោះដែរ លោកស្រីភិបាល ក៏បានពាំនាំនូវអនុសាសន៍ការសួរសុខទុក្ខការផ្តាំផ្ញើរពីចំងាយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ស្ថិតនៅក្នុងឱកាសនោះដែរ លោកស្រី មិថុនា ភូថង បានថ្លែងអំណរគុណ កោតសរសើរ ដល់ក្រុមហ៊ុន Union Development Group Co, Ltd និងបានចាត់ទុកអំណោយដែលបាននាំមកប្រគល់ជូននាពេលនេះ គឺជាកាយវិកា និងទឹកចិត្តសប្បុរសធម៌មួយរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំក៏ ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះខាត ឬជួបប្រទះនូវឧប្បត្តិវហេតុគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយតបបានទាន់ពេលវេលាផងដែរ។

លោកស្រី មិថុនា ភូថង ក៏បានក្រ់នរំឮកប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃឱ្យបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ដូចៗគ្នា៕