(ព្រះសីហនុ)៖ ផ្តាច់ជីវិត៣នាក់ឪពុកម្តាយនិង កូនអាយុ១ខួប ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង ក្នុង គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ រវាង រថយន្តកាមរីឆ្លាម បុកនឹងម៉ូតូ នៅផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង ១ និង៣០នាទី​រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។​ ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ត កាមរីឆ្លាម ពណ៌ស្ករ បានរេចង្កូត​ទៅខាងឆ្វេងដៃក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ បានបុកម៉ូតូម៉ាក MD ពណ៌ក្រហម មានទិសដៅបញ្រ្ចាស់គ្នាពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ​ស្លាប់នៅនិង​កន្លែង កើតហេតុតែម្តង ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាគ្រោះថ្នាក់នេះ បណ្តាលឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តី មុខរបរ កម្មករចាំចំការ មានទីលំនៅ ភូមិកែវផុស ឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ  និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ និន កឹមយេ អាយុ២៩ឆ្នាំ មុខរបរ កម្មករចាំចំការមានទីលំនៅ ភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងកូនឈ្មោះ អឿន យូហាន ភេទប្រុស អាយុ១ឆ្នាំ  ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនភ្លាមៗ ចំណែកកម្លាំងនគរបាល និងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៤០១បានសហការគ្នា ដើម្បីគ្រប់គ្រងកន្លែងកើតហេតុ និងតាមចាប់ខ្លួនអ្នក​បើកបររថយន្ត អោយមកទទួលខុសត្រូវតាមផ្លូវច្បាប់ ។

ចំណែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំពោះវត្ថុតាងឡាននិងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះ​ស្រាយនៅពេលក្រោយ ៕