(បន្ទាយមានជ័យ)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងមន្ត្រីអាជ្ញាធរឃុំភូមិ បានចុះទៅត្រួតពិនិត្យ វាយតម្លៃផលបះពាល់ និងខូចខាតដោយទឹកជំនន់លើផ្លូវជនបទនៅខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនោះលោករដ្ឋលេខាធិការ និងសហការី បានឱ្យក្រុមការងារជួសជុលផ្លូវបន្ទាន់លើកំណាត់ផ្លូវតាមជនបទ ដែលសន្ធឹងក្នុងស្រុកស្វាយចេក និងស្រុកភ្នំស្រុក។ ផ្លូវនេះមានប្រវែង ៣០គីឡូម៉ែត្រ បានរងការខូចខាតដោយទឹកជំនន់ កាលពីពាក់កណ្តាលខែតុលាកន្លងមក ដោយកន្លែងខ្លះត្រូវទឹកហូរកាត់ផ្តាច់ ដែលនាំឲ្យលំបាកការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ របស់ប្រជាពលរដ្ឋ។

លោក ភួង សោភា បានឱ្យដឹងថា ក្រោមការណែនាំរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្រុមការងារ នឹងធ្វើការជួសជុលជាបន្ទាន់ដើម្បីឱ្យពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនបានឡើងវិញ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តថា គ្រោះទឹកជំនន់ឆ្នាំ២០២០នេះ បង្កឱ្យហេដ្ឋារចនាសម្ព័ន្ធជនបទ នៅក្នុងខេត្តជាច្រើនខ្សែ ត្រូវទទួលរងកាប៉ះពាល់ និងរងការខូចខាតធ្វើឱ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរ និងដឹកជញ្ជូនបាន។

ដើម្បីឆ្លើយតប និងតម្រូវការនេះ ក្រសួង និងមន្ទីរ ក៏ដូចអាជ្ញាធរខេត្ត បានជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋនូវផ្លូវក្រាលក្រួសផ្លូវដីនានា។ ក្នុងនោះមានផ្លូវជនបទតាផូ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥៦ត្រង់ ឃុំរលួស ឆ្លងកាត់ឃុំតាផូ ឃុំសារង្គ ស្រុកស្វាយចេក ដល់ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ដែលក្រាលគ្រួស។ ផ្លូវ១ខ្សែនេះ រងការខូចខាតដោយទឹកហូរផ្តាច់តួផ្លូវ៣កន្លែង ប្រវែង ១៨០ម៉ែត្រ និងហូរច្រោះតួ និងចិញ្ចើមផ្លូវជាអន្លើៗ មិនអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនឆ្លងកាត់បាន។

ប្រធានមន្ទីរបានបន្តថា ទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ពីដើមខែតុលា ឆ្នាំ២០២០មក បានបង្កផលប៉ះពាល់ និងខូចខាតលើច្រើនវិស័យ។ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏រងគ្រោះធ្ងន់ធ្ងរផងដែរ។ ក្នុងខេត្តបន្ទាយមានជ័យ ផ្លូវជនបទដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទទួលបន្ទុកមាន ២៦៧ខ្សែ ប្រវែង២,៩២៥,០៦គីឡូម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូ ២ជាន់មាន ១៨៤គីឡូម៉ែត្រ, ផ្លូវបេតុងប្រវែង ២៥,៤៧គីឡូម៉ែត្រ និងផ្លូវក្រាលគ្រួស ក្រាលដី ក្រាលដីលាយថ្មប្រវែង ២,៧២៥.៥គីឡូម៉ែត្រ។

លោកថា ផ្លូវជនបទទាំងនោះ កន្លែងខ្លះទឹកបានស្រកហើយ ត្រូវជួសជុលបន្ទាន់ តែកន្លែងខ្លះទឹកមិនទាន់ស្រកនៅឡើយ។ ផ្លូវជនបទដែលខូចខាតធ្ងន់ធ្ងរជាងគេមានដូចជា៖ ផ្លូវបត់ត្រង់ ផ្លូវតាឡំ ផ្លូវចំណោម ផ្លូវសាយសាម៉ននៅស្រុកមង្គលបូរី ផ្លូវស្រែល្អនៅស្រុកថ្មពួក ផ្លូវភ្នៀតនៅក្រុងសិរីសោភ័ណ ផ្លូវតាផូនៅស្រុកស្វាយចេក និងភ្នំស្រុក៕