(បន្ទាយមានជ័យ)៖ ជនប្រមឹកម្នាក់ បានកាន់កាំបិតដេញកាប់គេពេញភូមិ ហើយមិនអស់ចិត្តក៏បញ្ចេញកំហឹងដេញកាប់ឡានគេដែលទុកស្ងៀមទៀត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅម៉ោង៤៖៣០នាទីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៀង វាសនា អាយុ៣៦ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំ-ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ទៀតថា ជនបង្កនេះពេលស្រវឹងស្រាទប់អារម្មណ៍មិនបាន ក៏យកកាំបិតគំរាមអ្នកជិតខាងចង់សម្លាប់ប្រជាពលរដ្ឋ ពុំហ៊ានប្តឹងសមត្ថកិច្ចនោះទេ ព្រោះខ្លាចជនសង្ស័យសង់សឹក។

នៅពេលកើតហេតុនោះ ជនសង្ស័យស្រវឹងដូចសព្វដង ស្រាប់តែយកកាំបិតខ្វែវទៅកាប់រថយន្តម៉ាកកាម៉ារី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-1091 ជារបស់ឈ្មោះ អឿ សាវឿន ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ដែលចតទុកចោល បណ្តាលឲ្យបែកស្តុបខាងក្រោយផ្នែកខាងឆ្វេង។

មិនអស់ចិត្តជននេះបានបញ្ចេញកំហឹងដេញកាប់ពលរដ្ឋឈ្មោះ ជ័យ ជីម ភេទប្រុស អាយុ៦៧ឆ្នាំ តែត្រូវជនរងគ្រោះរត់គេចខ្លួនផុត រួចបន្តទៅដេញកាប់ឈ្មោះ អឿ សាវឿន ជាម្ចាស់រថយន្តបន្ថែមទៀត បណ្តាលឲ្យត្រូវរបួសស្រាលចំនួន២កន្លែង។

ក្រោយពីធ្វើសកម្មភាពរួច សង្ស័យត្រូវបានកម្លាំងនគរបាលមូលដ្ឋានឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕