(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា ចូលរួមវេទិការបស់ធនាគារពិភពលោក (World Bank) ស្តីពី «កម្មវិធីគ្រប់គ្រង និងពិគ្រោះយោបល់ទុនបម្រុង (Reserve Advisory and Management Partnership-RAMP)» តាមរយៈប្រព័ន្ធអនឡាញ។

វេទិកានេះមានសមាសភាពចូលរួមពី ទេសាភិបាល, ទេសាភិបាលរង, អគ្គនាយក និងអគ្គនាយករងរបស់ធនាគារកណ្តាល ជាសមាជិករបស់ RAMP ដែលមានចំនួនសរុប ៤៤ប្រទេស។ ជាមួយគ្នានេះ វេទិកានេះគឺជាវេទិកាប្រជុំពិភាក្សា និងចែករំលែកនូវបទពិសោធន៍ របស់ប្រទេសសមាជិករបស់កម្មវិធី RAMP និងត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការដាក់ចេញអនុវត្តគោលនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងទ្រព្យសកម្មវិនិយោគក្នុងបរិការណ៍ថ្មី ដោយផ្តោតសំខាន់លើការអនុវត្ត គោលនយោបាយធុរកិច្ចប្រកបដោយការទទួលខុសត្រូវ (Economic, Social and Governance-ESG- Policy)។

ជារួមនៅពេលដែលពិភពលោក ប្រឈមនឹងវិបត្តិសុខភាពសកល (ជំងឺកូវីដ-១៩) បណ្តារដ្ឋាភិបាល ធនាគារកណ្តាល និងវិនិយោគិនបានគិតគូរ និងពិចារណាលើការវិនិយោគ ប្រកបដោយចីរភាពកិច្ចការពារបរិស្ថានទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ និងសុខមាភាពសង្គម។

លោក ជា ចាន់តូ បានចូលរួមចែករំលែកបទពិសោធន៍ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការដាក់ចេញការអនុវត្តគោលនយោបាយរូបិយវត្ថុ និងការដាក់ចេញវិធានការណ៍ម៉ាក្រូ ប្រយ័ត្នសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងន័យធានាឱ្យមានភាពរឹងមាំក្នុងវិស័យនេះ ជាពិសេសនៅក្នុងអំឡុងពេលប្រទេសប្រឈមនឹងវិបត្តិសុខភាពសកល (ជំងឺកូវីដ-១៩)។

លោកក៏បានថ្លែងអំណរគុណចំពោះ ការគាំទ្ររបស់ធនាគារពិភពលោក ដែលបានផ្តល់ជាជំនួយបចេ្ចកទេស និងអាហារូបករណ៍ដល់ធនាគារជាតិនៃកម្ពុជា ជាពិសេសផ្តោតលើការគ្រប់គ្រងទុនបម្រុងវិនិយោគ។

ធនាគារពិភពលោកបានកោតសរសើរ ចំពោះសមិទ្ធផលដែលសម្រេច បានក្នុងការគ្រប់គ្រងទុនបម្រុងវិនិយោគ និងការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ជាសមាជិកនៅក្នុងកម្មវិធី RAMP របស់ធនាគារពិភពលោក។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងកម្មវិធី RAMP គិតចាប់ពីឆ្នាំ២០០៩មក៕