(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាសម្ពោធ និងឲ្យដំណើរការ ប្រព័ន្ធប្រតិបត្តិការ ទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច «ប្រព័ន្ធបាគង» ជាផ្លូវការហើយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

ការដាក់សម្ពោធជាផ្លូវការ «ប្រព័ន្ធបាគង» នេះរៀបកចំឡើងក្រោមការចូលរួមពីលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។ ការដាក់ឲ្យប្រើប្រាស់នេះ ធ្វើឡើងបន្ទាប់ពី ដើម្បីដោះស្រាយនូវបញ្ហាទូទាត់ ព្រោះប្រព័ន្ធបាគង ដើរតួនាទីជាប្រព័ន្ធទូទាត់ឆ្អឹងខ្នង (Backbone payment System) សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់តភ្ជាប់ជាបណ្តុំតែមួយ។

លោកស្រី ជា សិរី បានឲ្យដឹងថា ប្រព័ន្ធបាគងផ្តល់នូវលទ្ធភាពទូទាត់ឆ្លងគ្រឹះស្ថាន ប្រកបដោយប្រសិទ្ធភាព, សុវត្ថិភាព និងកាត់បន្ថយការចំណាយថ្លៃប្រតិបត្តិការ។ ដូច្នេះ បច្ច័យទាំងអស់នេះនឹងក្លាយជាចលករ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងប្រទេសឲ្យកាន់តែទូលំទូលាយ។

លោកស្រីបន្ដថា «សម្រាប់ទិសដៅទៅអនាគត «ប្រព័ន្ធបាគង» នឹងពិនិត្យលទ្ធភាពក្នុងការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីងាយស្រួលដល់ពលករក្រៅប្រទេស អាចផ្ញើរប្រាក់មកកាន់ក្រុមគ្រួសារ តាមប្រព័ន្ធបាគង មានកម្រៃទាប ងាយស្រួល និងសុវត្ថិភាព»។

លោកបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់ លោក ជា ចាន់ តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់អនុសាសន៍ ក្នុងការផ្តួចផ្តើមរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូទាត់ស្នូល សម្រាប់ផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចធ្វើប្រតិបត្តិការទូទាត់ សងប្រាក់ឆ្លងប្រព័ន្ធគ្នាទៅវិញទៅមក (Interoperability) ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព កាតបន្ថយការចំណាយ ប្រតិបត្តិការ និងជំរុញ បរិយាប័ន្នហិរញ្ញវត្ថុ។

លោកស្រីបញ្ជាក់ថា «ទន្ទឹមនឹងនេះការអភិវឌ្ឍប្រព័ន្ធបាគង ជាការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចផ្នែកឌីជីថល នៃបដិវត្តឧស្សាហកម្មទី៤ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់អាស៊ាន»

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីផ្សព្វផ្សាយដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អំពីគម្រោងអភិវឌ្ឍនប្រព័ន្ធបាគងនេះ។ បន្ទាប់ពីបានផ្សព្វផ្សាយរួចមក មានគ្រឹះស្ថានចំនួន៣៩ បានបង្ហាញនូវចំណាប់អារម្មណ៍ ចូលរួមក្នុងគម្រោងបាគងនេះ។

បន្ទាប់ពីទទួលបានការគាំទ្រ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងគ្រឹះស្ថានទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ដំណើរការ សាកល្បងប្រព័ន្ធបាគងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៤ចូលរួម៖ ធនាគារអេស៊ីលីដា, ធនាគារវឌ្ឍនៈ, ធនាគារពានិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា និងធនាគារឯកទេសវីង។

គិតចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ មកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ចំនួនសមាជិកចូលរួមបានកើនឡើងរហូតដល់១៨ (គ្រិះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន១៦ និងគ្រិះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន២) ទន្ទឹមនោះមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងគ្រឹះស្ថានសេវាទូទាត់សងប្រាក់ប្រមាណ២៤ផ្សេងទៀត បានទទួលការអនុញ្ញាតជាគោលការណ៍ ចូលជាសមាជិកប្រព័ន្ធបាគង និងកំពុងរៀបចំសិក្សាលក្ខណៈបច្ចេកទេសតភ្ជាប់ប្រព័ន្ធ៕