(បន្ទាយមានជ័យ)៖ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តំណាង លោក ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក បានដឹកនាំសមាជិក សមាជិកា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារគ្រោះទឹកជំនន់ចំនួន ៣,៣០០គ្រួសារ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ទឹកជោរ ក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

សមាជិក សមាជិកា ដែលចូលរួមចែកអំណោយនេះមាន ស្នាក់ការកណ្តាល សាខាខេត្តកណ្តាល សាខាខេត្តក្រចេះ សាខាខេត្តព្រះសីហនុ សាខាខេត្តសៀមរាប សាខាខេត្តប៉ៃលិន សាខាខេត្តតាកែវ សាខាខេត្តបាត់ដំបង សាខាកោះកុង និងសាខាខេត្តបន្ទាយមានជ័យផងដែរ។

កម្មវិធីនេះសហការជាមួយមូលនីធិ ខ្មែរមានខ្មែរ សប្បុរសជនខ្មែរ-អាម៉េរិកកាំង ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក កាកបាទក្រហមកម្ពុជា ស.ស.យ.ក ។

ពិធីចែកអំណោយនេះ ក្រោមអធិបតីភាព លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គជគម) ដោយមានការចូលរួមពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យព្រមទាំងមន្រ្តីថ្នាក់ដឹកនាំខេត្តមួយចំនួន។

អំណោយដែលក្នុងមួយគ្រួសារទទួលបានរួមមាន៖
-អង្ករ ២៥គីឡូក្រាម
-មី ០១កេស
-ត្រីខ ០១យួរ
-ទឹកស៊ីអៀវ ០១ដប
-សាប៊ូ ២ដុំ
-ក្រម៉ា ១
-សៀង ០១ដប
-ថ្នាំពេទ្យ ០១ប្រអប់
-ឆៃប៉ូវ ០.៥គីឡូក្រាម
-ថវិកា ៥០,០០០រៀល

ក្នុងនោះជនពិការចំនួន០៥រូប ក៏បានទទួលអំណោយជារទេះសម្រាប់ជនពិការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនផងដែរ។

បន្ទាប់ពីនោះក្រុមការងារក៏បានបន្តនាំយកអំណោយដូចបានរៀបរាប់ខាងលើចំនួន២៣សំរាប់ យកមកចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលកំពុងមានទឹកលិចទៀតផង៕