(ប៉ៃលិន)៖ លោក ផាន់ ចាន់ផុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិនានាដូចជា៖ ភ្លៀង ភ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ដែលកើតឡើង ជាពិសេសត្រូវការពារខ្លួនជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ហើយបើមានហេតុការអ្វីកើតឡើង ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីធ្វើការចុះជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា។

លោកអភិបាលខេត្ត បានថ្លែងដូចនេះនៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រុមហ៊ុន មិត្តហ្វូន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំនុចលូដាច់ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា គ្រោះថ្នាក់ធម្មជាតិ តែងតែកើតមានឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញ៉ាប់រាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។

នៅក្នុងឱកាសនោះដែរ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន មិត្តហ្វូន ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តប៉ៃលិន ហើយសកម្មភាពនេះបានបង្ហាញពីទឹកចិត្តមនុស្សធម៌ និងសាមគ្គីភាព ជួយគ្នាក្នុងគ្រាលំបាក។

តំណាងក្រុមហ៊ុន មិត្តហ្វូន បានឱ្យដឹងថា ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនមិត្តហ្វូនបានរួមសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅក្នុងខេត្តចំនួន ១០ ដែលបានរងគ្រោះទឹកជំនន់ខ្លាំងជាងគេ ដើម្បីឧបត្ថម្ភគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ហើយខេត្តក្រុងដែលទទួលបាន ការផ្តល់ជូនអំណោយពី កម្មវិធីនេះមានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ក្រុងភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន និងខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា៖ អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង ១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ២០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប៊ីចេង១កញ្ចប់ ត្រីខ ១យួ មី ១កេះ និងស៊ីមកាតមិត្តហ្វូនចំនួន ២ផងដែរ៕