(ភ្នំពេញ)៖ នាពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីទទួលបានមេដាយមាស ចំនួនបួនគ្រឿងពីកម្មវិធី APT JSO (ASEAN+3 JUNIOR SCIENCE ODYSSEY) នៅប្រទេសឥណ្ឌូនេស៊ី សិស្សានុសិស្សមកពីសាលាអន្តរជាតិហ្សាម៉ាន់កម្ពុជា ចំនួន៣រូបទៀត តំណាងឱ្យប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍អាស៊ាន+3 វិទ្យាសាស្ត្រលើកទី៧ APT SCTW (ASEAN+3 Student Camp and Teacher Workshop for The Gifted in Science) ស្ដីអំពីសិក្ខាសាលានៃការបោះជំរំសិស្ស និងគ្រូបង្រៀននៅវិទ្យាល័យវិទ្យាសាស្ត្រចាងវ៉ុន, រ៉កនៅប្រទេសកូរ៉េ កាលពីថ្ងៃទី២៤-៣១ មករា ទទួលបានជយលាភីមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង លើផ្នែកវិទ្យាសាស្ត្រ​ ក្នុងចំណោមសិស្ស៨០នាក់ មកប្រទេសនៅលើពិភពលោកចំនួន១១ ក្នុងនោះនៅអាស៊ីចំនួន៨ប្រទេស។

ព្រឹត្តិការណ៍អាស៊ាន+3 វិទ្យាសាស្ត្រលើកទី៧ ស្ដីអំពីសិក្ខាសាលានៃការបោះជំរំសិស្ស និងគ្រូបង្រៀនដែលធ្វើឡើងនៅប្រទេសកូរ៉េ ផ្តោតលើប្រធានបទ «ថាមពលបៃតងសម្រាប់ជីវិត»។ អស់ជាច្រើនឆ្នាំមកនេះ ពិភពលោកបានព្យាយាមស្វែងរកវិធីដ៏ល្អៗ ក្នុងការប្រើប្រាស់ថាមពលបៃតងសម្រាប់ជីវិត។ នៅក្នុងព្រឹត្តិការណ៍អាស៊ាន+3 វិទ្យាសាស្ត្រលើកទី៧ នៅប្រទេសកូរ៉េនេះ សម្រាប់សិស្សានុសិស្សរៀនថ្នាក់ទី១០ ផ្នែកវិទ្យាសាស្ត្ររបស់សាលាអន្តរជាតិហ្សាម៉ាន់កម្ពុជា តំណាងឱ្យប្រទេសកម្ពុជាចំនួនបីរូប ទទួលបានជយលាភីជូនប្រទេសកម្ពុជា ដែលក្នុងនោះមានយុវសិស្ស វ៉ា រិទ្ធិយុទ្ធ ទទួលបានមេដាយមាស១គ្រឿង លើប្រធានបទ «ការទាញយកថាមពលអគ្គិសនីពីបន្ទប់ទឹក»។ យុវសិស្ស គង់ គីរី ទទួលបានមេដាយសំរិទ្ធ១គ្រឿង លើប្រធានបទ «ការទាញយកថាមពលអគ្គិសនី​​ពីព្រិលទឹកកក» និងយុវសិស្ស ជាឧស្សាហ៍ ទទួលមេដាយសំរិទ្ធ១គ្រឿង លើប្រធានបទ «ការទាញយកថាមពលអគ្គិសនីពីសម្ពាធ»។

លោក ម. ហ្គួរកាន់ ចីល នាយកសាលាអន្តរជាតិហ្សាម៉ាន់កម្ពុជា មានប្រសាសន៍ថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលសិស្សានុសិស្ស របស់សាលាអន្តរជាតិហ្សាម៉ាន់ បានទៅចូ លរួមប្រកួតប្រជែងដណ្តើមយកមេដាយ ក្នុងព្រឹត្តិការណ៍អាស៊ាន +3 វិទ្យាសាស្ត្រលើកទី៧ ស្ដីអំពីសិក្ខាសាលានៃការបោះជំរំសិស្ស និងគ្រូបង្រៀនជាកម្មវិធីកំរិតវិទ្យាល័យ ផ្នែកវិទ្យាសាស្ត្រលើឆាកអន្តរជាតិជាមួយនឹងយុវសិស្សដទៃទៀត ដែលមកពីប្រទេសអាស៊ានបូកបី នឹងបានពាំនាំមកវិញនូវសមិទ្ធផលដ៏ល្អ ដែលមានមេដាយមាស និងមេដាយសំរិទ្ធជាកិតិ្តយស ដ៏វិសេសវិសាលដល់ក្រុមគ្រួសារ សាលារៀន ក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសដល់ប្រទេសជាតិទាំងមូល។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងបន្តទៀត ក្នុងការជំរុញបង្ហាត់បង្រៀន និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការប្រកួតប្រជែងដណ្តើមយកជយលាភី ដ៏ល្អៗបន្តទៀត»

ព្រឹត្តិការណ៍អាស៊ាន+3 វិទ្យាសាស្ត្រលើកទី៧ ស្ដីអំពីសិក្ខាសាលានៃការបោះជំរំសិស្ស និងគ្រូបង្រៀន នឹងផ្ដល់ឱកាស ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងអាស៊ាន+3 ជាតិសាសន៍ជាមួយនឹងភ្ញៀវដែលមក ពីបណ្ដាប្រទេសផ្សេងៗ។ លើសពីនេះទៅទៀត វាក៏បានផ្ដល់ឱកាសដ៏ល្អ សម្រាប់គ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រ ក្នុងការស្វែងរកវិធីសាស្ត្រដ៏ល្អ ដើម្បីអភិវឌ្ឍន៍មាតិការ នៃការអប់រំរបស់ពួកគាត់ ដោយការចូលរួមចែករំលែកជាមួយសហការី ដែលមកពីបណ្តាប្រទេសផ្សេងទៀត។

កម្មវិធីទេពកោសល្យផ្នែកវិទ្យាសាស្ត្រអាស៊ាន+3 នេះ បានបង្កើតឡើង ដើម្បីក្នុងការជំរុញលើកទឹកចិត្ត និងមានការប្រកួតប្រជែងរវាងសិស្សពូកែ ក្នុងការធ្វើឱ្យមានទំនាក់ទំនង ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងដើម្បីជំរុញការចង់ដឹងចង់ឃើញបញ្ញា របស់សិស្សានុសិស្ស តាមរយៈការបង្រៀនជាច្រើន, ការពិភាក្សា និងការពិសោធន៍។ វានឹងជួយលើកទឹកចិត្តសិស្សានុសិស្ស ឱ្យបន្តការងារនៅក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្របន្ថែមទៀត៕