(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវផ្លាស់ប្ដូរឥរិយាបថធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវ ក្រោយទទួលបានការបណ្ដុះបណ្ដាលជំនាញពី នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរឥរិយាបថក្នុងការងារក្រោយទទួលបានការបណ្ដុះបណ្ដាលនេះ គឺដើម្បីធ្វើឲ្យក្រុមហ៊ុន ឬគ្រឹះស្ថានដែលខ្លួនបំពេញការងារនោះ មានការចាប់អារម្មណ៍មកលើសមត្ថភាពការងាររបស់ខ្លួន ព្រោះថានៅតាមបណ្ដាក្រុមហ៊ុន ឬគ្រឹះស្ថាន មិនទាន់បានបញ្ជូនភ្នាក់ងារមកសិក្សាច្រើននៅឡើយទេ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានកត់សម្គាល់ឲ្យភ្នាក់ងារសន្ដិសុខឯកជន នៅពេលបំពេញភារកិច្ចត្រូវគិតថា បើទោះបីខ្លួនធ្វើការនៅក្រុមហ៊ុន ឬគ្រឹះស្ថានផ្សេងគ្នាក៏ពិតមែន ប៉ុន្ដែត្រូវធ្វើឲ្យគេគិតថា ខ្លួនជាពលរដ្ឋគំរូម្នាក់ ដោយត្រូវប្រើប្រាស់ពាក្យសម្ដី កាយវិការ ការឆ្លើយតបទៅកាន់អតិថិជនឲ្យបានសមរម្យជាដើម។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ អ៉ឺ សុខឃី បានចាត់ទុកថា ភ្នាក់ងារសន្ដិសុខឯកជន តួនាទីជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។ ប្រសិនបើខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ឬមកនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ផ្ទាល់ក៏បានតាមរយៈលេខទូរស័ព្ទលោកគ្រូ ក៏ដូចជាក្រុមការងារ។

លោកបន្ថែមថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។ លោកថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួនាទី ត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ច ចូលរួមការពារទ្រព្យសម្បត្តិសាធារណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី២៩នេះ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដែលមាននាយ នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ចំនួន៥នាក់ និងសិក្ខាកាមចំនួន១៦៩នាក់ (ស្រី៤នាក់)។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន បានចំនួន២៩លើក មាននាយ នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុប១១០នាក់ (ស្រី៥នាក់) និងសិក្ខាកាមសរុប ចំនួន៥,៣៧៣នាក់ (ស្រី១៣៥នាក់) បានចូលរួម។

លោកប្រធាននាយកដ្ឋានបានបន្ដថា វគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្ដិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

លោកបញ្ជាក់ថា សិក្ខាកាមបានទទួលនូវមេរៀនដែលរៀបចំចងក្រងដោយយកចិត្តទុកដាក់ ក្នុងនោះផ្ដោតទៅលើមេរៀន ដូចជា៖

ទី១៖ តួនាទី និងភារកិច្ចភ្នាក់ងារសន្ដិសុខឯកជន, ទី២៖ វិធីសាស្ដ្រការពារគោលដៅ, ទី៣៖ វិធានការណ៍ពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ, ទី៤៖ កិច្ចសហការជាមួយភ្នាក់ងារសន្ដិសុខឯកជន ជាមួយសមត្ថកិច្ចមូលដ្ឋាន, ទី៥៖ ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់ភ្នាក់ងារសន្ដិសុខ ឯកជន, ទី៦៖ ការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុរបស់ភ្នាក់ងារសន្ដិសុខឯកជន, ទី៧៖ ពិនិត្យ និងវិភាគកន្លែងកើតហេតុ និងឧបសម្ព័ន្ធសញ្ញាចរាចរណ៍ផ្លូវគោក៕