(បាងកក)៖ ក្រុមអ្នករត់ម៉ូតូឌុបពាក់អាវពណ៌ទឹកក្រូច បានក្លាយជាសម្ព័ន្ធមិត្តជាមួយក្រុមអ្នកតវ៉ាប្រឆាំង ចំពោះរដ្ឋាភិបាលថៃ ដែលបាននិងកំពុងប្រមូលផ្តុំគ្នានៅទូទាំងទីក្រុងបាងកក ដោយពួកទាំងនោះបានផ្តល់មធ្យោបាយធ្វើដំណើរ ព្រមទាំងជួយឃ្លាំមើលស្ថានភាពគ្រោះថ្នាក់នានា ជូនក្រុមបាតុករនិស្សិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។

នៅពេលដែលរដ្ឋាភិបាលបានសម្រេច បិទបណ្តាញផ្លូវរថភ្លើងសាធារណៈ នៅក្នុងខែតុលានេះក្នុងគោលបំណង ដើម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ ក្រុមអ្នករត់ម៉ូតូឌុបបានដឹកក្រុមបាតុករ ទៅកន្លែងប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្ម។ បន្ថែមពីលើនេះ នៅពេលដែលអាជ្ញាធរបានដាក់ពង្រាយកាណុងបាញ់ទឹក ជាលើកដំបូងចាប់តាំងពីការតវ៉ាផ្ទុះឡើងនៅក្នុងខែកក្កដា ក្រុមអ្នករត់ម៉ូតូឌុបក៏បានប្រញាប់ប្រញាល់ផ្តល់ការព្រមានជាមុន ហើយក្រោយមកពួកគេបានបិទផ្លូវមួយចំនួន ដើម្បីឲ្យក្រុមបាតុកររត់គេចពីប៉ូលិសបង្ក្រាបកុបកម្ម ដោយសុវត្ថិភាពផងដែរ។

ប្រទេសថៃមានប្រវត្តិនយោបាយ ដែលតែងប្រែក្លាយការតវ៉ានៅតាមដងផ្លូវ ទៅជាអំពើហិង្សាដោយមានបាតុកម្មទ្រង់ទ្រាយធំនាពេលកន្លងមក បានបង្កឲ្យមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរ។ នៅក្នុងបាតុកម្មមុនៗ ក្រុមអ្នករត់ម៉ូតូឌុបបានជួយគាំទ្រក្រុមអាវក្រហម ដែលភាគច្រើនជាក្រុមវណ្ណៈកម្មករ គាំទ្រអតីតនាយករដ្ឋមន្ត្រីដែលត្រូវបានយោធា បណ្តេញចេញពីតំណែងគឺលោកស្រី យីងឡាក់ និងលោក ថាក់ស៊ីន នៃត្រកូលស៊ីណាវ៉ាត្រា។ ខណៈដែលចលនាប្រឆាំងនឹងរដ្ឋាភិបាល ដែលដឹកនាំដោយនិស្សិតសាកលវិទ្យាល័យនៅតែបន្ត ក្រុមអ្នករត់ម៉ូតូឌុបមកពីខេត្តភាគឦសាន និងតំបន់អនាធិបតេយ្យនានានៅទីក្រុងបាងកក ពិតជានឹងធ្វើឲ្យបាតុកម្មកើនឡើងខ្លាំងជាងមុនទៅទៀត។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារម្សិលមិញនេះ បានច្រានចោលការអំពាវនាវរបស់គណបក្សប្រឆាំង ដែលទាមទារឲ្យលោកចុះចេញពីតំណែង នៅក្នុងសម័យប្រជុំសភាពិសេសមួយ ដើម្បីដោះស្រាយភាពតានតឹងផ្នែកនយោបាយ ដែលបង្កឲ្យមានការតវ៉ាស្ទើរតែរាល់ថ្ងៃទៅហើយ។ លោក ប្រាយុទ្ធ បានថ្លែងនៅក្នុងសភាថៃយ៉ាងដូច្នេះថា «ខ្ញុំនឹងមិនរត់គេចពីបញ្ហា ហើយខ្ញុំនឹងមិនចុះចេញពីកាតព្វកិច្ចរបស់ខ្ញុំនោះឡើយ នៅពេលដែលប្រទេសកំពុងតែមានបញ្ហា»