(កណ្ដាល)៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងសប្បុរសជន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងចែកអំណោយចែកជូន ដល់ប្រជាពលរដ្ឋចំនួន១៤០គ្រួសារ នៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ដែលកំពុងរងគ្រោះដោយទឹកជំនន់។

ក្រុមប្រជាពលរដ្ឋដែលទទួលជំនួយនេះ បានបង្ហាញអារម្មណ៍ត្រេកអរចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ដែលបានគិតគូរយកចិត្តទុកដាក់ជួយសង្រ្គោះពលរដ្ឋ ខណៈដែលពួកគាត់កំពុងមានទុក្ខកង្វល់ទឹកលិចលង់។ សូមអរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងថ្នាក់ដឹកនាំខេត្តកណ្ដាលទាំងអស់ ដែលមិនបំភ្លេចប្រជាពលរដ្ឋចោល ហើយតែងតែជួយឃើញមុខជួយរាល់គ្រាមានអាសន្តអន់ក្រជានិច្ច។

នាឱកាសនោះ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ហើយតែងតែបារម្ភចំពោះប្រជារាស្ត្រកូនចៅមិនថាយប់ ឬថ្ងៃឡើយ។

លោកស្នងការបានបន្តថា ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជាជានិច្ច ដែលចាំសង្រ្គោះជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ឡើយ ពោលគឺជួយទាំងអស់ព្រោះគណបក្សប្រជាជនស្រឡាញ់ជាតិ និងតែងតែនៅជាមួយប្រជាជាតិ ប្រជាជនជានិច្ចនិរន្ត។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើងដោយការធ្វេសប្រហែល ចំពោះកុមារតូចៗលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យមានហានិភ័យកើតឡើជាយថាហេតុ ការពារពីសត្វអសិរពិសនានា ហើយប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។

លោកស្នងការបានបញ្ជាក់ថា ទម្រាំស្រុកទេសយើងបានមករីកចម្រើនមកសព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណា ដើម្បីដឹកនាំនាវាមួយនេះឱ្យមានសុខសន្តិភាពល្អ មានសេដ្ឋកិច្ចរឹងមាំ ដែលញ៉ាំងឱ្យវិនិយោគិនបរទេសចូលមកវិនិយោគកាន់តែច្រើនឡើងៗ ដើម្បីបង្កើនសេដ្ឋកិច្ចឱ្យកាន់តែរីកលូតលាស់ និងផ្ដល់ការងារនិងប្រាក់ខែល្អៗ ដល់ប្រជារាស្ត្រខ្មែរកាន់តែច្រើនឡើងៗផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្ដែផ្ដាំដល់ប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍តាមវិធានការកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់កយំឱ្យជម្ងឺនេះរីករាលក្នុងសហគម ដ្បិតរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងមែនពិត ប៉ុន្តែសុំឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាផងដែរ។

បើតាមសប្បុរសជនឈ្មោះ គឹម តូ, លោក មាស ហ៊ត , លោកស្រី បេ លក្ខិណា បានលើកឡើងស្រដៀងគ្នាថា ដោយសារតែមានចិត្តអាណិតអាសូរដល់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះរងគ្រោះដោយជំនន់ទឹកភ្លៀង និងពិសេសមានចិត្តរំភើបពេលឃើញអាជ្ញាធរខេត្តកណ្ដាលតែងតែចុះជួយដល់ពលរដ្ឋរងគ្រិះ ដែលនេះញ៉ាំងឱ្យក្រុមហ៊ុនមានចិត្តចង់ចូលរួមជួយ ហើយបានមូលមតិគ្នា ឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការផងដែរ ។

សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តកណ្ដាល មានស្រុក២ និងក្រុង១ ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះមានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល និងក្រុងតាខ្មៅ៕