(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាលខណ្ឌចំការមន។

កម្មវិធីនេះមានការចូលរួមពីលោក ម៉ក ថាយ, លោក ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ, អធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, ប្រធានក្រុមយោធាភូមិភាពពិសេសប្រចាំខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធ។

ទាក់ទងដឹងបញ្ហាទឹកជំនន់ដែលបានលិចនៅតាមបណ្ដាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ លោក ថេង សុថុល បានលើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ មិនមានការរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនោះទេ គ្រាន់តែនៅពេលមានភ្លៀងខ្លាំង គឺស្ថានីយបូមទឹកបឹងត្របែកនោះ គឺហូរមិនទាន់តែប៉ុណ្ណឹងទេ ប៉ុន្តែបើតាមប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យរដ្ឋបាលគ្រប់ខណ្ឌ ពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ លូ និងការ៉ូឡាសួនច្បារ ដែលមានការខូចដោយសារទឹកភ្លៀង និងបញ្ហាផ្សេងៗទៀត ដោយលោកអភិបាលខណ្ឌ បានបញ្ជាក់ថា បញ្ហានេះ គឺរដ្ឋបាលខណ្ឌបានពិនិត្យ និងស្រង់រួចរាល់ហើយ និងបានបញ្ជូនជាជំហានទី១ ទៅរដ្ឋបាលរាជធានីភ្នំពេញ ហើយយើងនឹងបំពេញបន្ថែម នៅក្រោយពេលទឹកជំនន់នេះថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ លោក ថេង សុថុល បានថ្លែងអំណរគុណដល់មន្ត្រីទាំងសង្កាត់ និងខណ្ឌទាំងអស់ ដែលបានចុះជួយប្រមូលសំរាមនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា ដោយការខិតខំប្រឹងប្រែងធ្វើការងារនេះទាំងថ្ងៃទាំងយប់ ក្នុងខណៈដែលកម្មករក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មមិនចេញប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីការគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រោយពេលទឹកជំនន់បានស្រក ដែលរដ្ឋបាលខណ្ឌ បានពិភាក្សាជាមួយនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីបាញ់ថ្នាំសម្លាប់សត្វមូសខ្លា ដែលខាងមន្ទីរសុខាភិបាល បានយល់ព្រមសហការ ក្នុងការបញ្ចេញរថយន្ត មកបាញ់ថ្នាំសម្លាប់សត្វមូសខ្លា នៅក្នុងមូលដ្ឋានខណ្ឌចំការមនយើងនេះ។

លោក ព្រុំ សំខាន់ ក៏បានលើកឡើងពីចំណុចមួយចំនួនទាក់ទងនឹងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ដែលលោកបានស្នើឱ្យប្រធានភូមិ ចូលរួមឱ្យបានគ្រប់ៗគ្នា ព្រោះប្រជាពលរដ្ឋ នឹងលើកឡើងនូវសំណួរ និងសំណូមពរដែលទាក់ទងទៅនឹងភូមិឋានរបស់ពួកគាត់កំពុងរស់នៅ ព្រោះប្រធានភូមិ គឺជាអ្នកនៅក្បែរប្រជាពលរដ្ឋ ដូច្នេះប្រធានភូមិនីមួយៗ ត្រូវឡើងបកស្រាយឱ្យពួកគាត់បានយល់ នៅចម្ងល់ និងការសំណូមពររបស់ពួកគាត់។

ជាមួយនេះ លោកប្រធានក្រុមប្រឹក្សា ក៏បានសុំឱ្យប្រធានការិយាល័យរដ្ឋបាល ដែលជាជំនួយការឱ្យប្រធានក្រុមប្រឹក្សាខណ្ឌ ត្រូវចាត់ចែងការងារទាំងអស់ដែលក្រុមប្រឹក្សាខណ្ឌមាន ដោយចេះបែងចែកអោយសមាជិកក្រុមប្រឹក្សាខណ្ឌ ទទួលខុសត្រូវតាមផ្នែកនីមួយៗ ជាពិសេស ទាក់ទងទៅនឹងវេទិការសាធារណៈតែម្ដង។

ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ-១៩ លោក ព្រុំ សំខាន់ បានបញ្ជាក់ថា វានៅតែជាបញ្ហាប្រឈម ប៉ុន្តែនៅកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការច្បាស់លាស់ ក្នុងការទប់ស្កាត់មិនឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍។ ដូច្នេះ លោកប្រធានក្រុមប្រឹក្សា បានសុំឱ្យអាជ្ញាធរសង្កាត់ និងខណ្ឌបន្តការងារអប់រំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្ថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល៕