(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមេបញ្ជារការង រួមនិងសហការី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអតីតយោធិន នៃកងរាជអាវុធហត្ថ និងគ្រួសារ ពលី-មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ដោយក្នុង១ គ្រួសារ ទទួលបានអង្ករ១ការ៉ុង ទម្ងន់៥០គីឡូក្រាម, មី២កេសតូច, ភេសជ្ជៈមូតាន១កេស, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ទឹកសុទ្ធ១យួរ, មុង១, ភួយ១ និងថវិកាចំនួន ១០ម៉ឺនរៀល។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើដល់គ្រួសារអតីតយោធិន នៃកងរាជអាវុធហត្ថដែលចូលសោធននិវត្តន៍ និងពលី-មរណៈទាំងអស់ ក្រោយពេលទឹកទឹកជំនន់ស្រកយកចិត្តទុកដាក់បន្តរដាំដុះដំណាំកសិកម្មដូចជា បន្លែគ្រប់ប្រភេទ ការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជម្ងឺកូវីដ-១៩ ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

ក្រោយពីពិធីសំណេះសំណាល និងចែកអំណោយបានបញ្ចប់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងសហការី បានអញ្ជើញបន្តចុះទៅត្រួតពិនិត្យបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកម៉ាឡៃ ដើម្បីសិក្សាការសាងសង់អគាររដ្ឋបាលថ្មីផងដែរ៕