(ភ្នំពេញ)៖ អង្គការស្បៀងអាហារពិភពលោកតាមរយៈលោកស្រី Claire Conan ជាប្រធាន ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយក្រសួងសង្គមកិច្ច បានបង្ហាញគោលជំហរសហការជាមួយ ក្រសួងសង្គមកិច្ច លើការងារជំនួយសង្គមដើម្បីជួយដល់ជនងាយរងគ្រោះ។

សម្រាប់ឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង អង្គការស្បៀងអាហារពិភពលោក និងក្រសួងសង្គមកិច្ចនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកស្រី Claire Conan បានបញ្ជាក់គោលជំហររបស់ខ្លួន សហការជាមួយក្រសួងសង្គមកិច្ច លើការងារជំនួយសង្គមដើម្បីជួយដល់ជនងាយរងគ្រោះ។

លោកស្រីបញ្ជាក់ថា «អង្គការស្បៀងអាហារពិភពលោក រីករាយសហការជាមួយក្រសួងសង្គមកិច្ច លើការងារបច្ចេកទេសនានា លើការងារជំនួយសង្គម ព្រោះកិច្ចការងារជំនួយសង្គមនេះ ជាការងារចម្បងរបស់អង្គការស្បៀងអាហារពិភពលោក ហើយអង្គការក៏មានបទពិសោធន៍ច្រើនធ្វើលើការងារនេះដែរ»

ជុំវិញការបង្ហាញនូវគោលជំហរបែបនេះលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបង្ហាញការអរគុណចំពោះអ្វីដែលលោកស្រី នាយិការបានលើកឡើងផងដែរ។

រដ្ឋមន្រ្តីបញ្ជាក់ថា «ចំពោះមុខ និងទៅថ្ងៃអនាគតក្រសួងសង្គមកិច្ច មានកិច្ចការជាច្រើនត្រូវបំពេញ ដែលអាចទទួលបានការគាំទ្រ និងកិច្ចសហការជាមួយអង្គការស្បៀងអាហារពិភពលោក ក៏ដូចជាអង្គការជាដៃគូផ្សេងទៀត»

លោករដ្ឋមន្រ្តីបញ្ជាក់ដែរថា ក្រសួងក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលដែលប្រមូលផ្ដុំជនងាយរងគ្រោះរាប់ពាន់នាក់ ដែលសង្ឃឹមថា អង្គការស្បៀងអាហារពិភពលោកអាចជួយសហការ លើការងារនេះផងដែរ។

ក្នុងជំនួបនាព្រឹកនេះ លោក វង សូត ក៏បានលើកឡើងនូវកិច្ចការជាច្រើន ដែលក្រសួងសង្គមកិច្ចកំពុងបំពេញលើការងារជំនួយសង្គមនេះផងដែរ។ ជាក់ស្ដែងគឺការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូន ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកិច្ចការសំខាន់មួយទៀតគឺការឧត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សម្រាប់កម្មវិធីឧត្ថម្ភសាច់ជូនគ្រួសារក្រីក្រនេះ បានជួយសម្រួលដល់ការរស់នៅដល់គ្រួសារក្រីក្រជាច្រើនម៉ឺនគ្រួសារ ហើយរាជរដ្ឋាភិបាលក៏បានសម្រេចបន្តអនុវត្តកម្មវិធីនេះ រហូតដល់ដំណាច់ឆ្នាំ ២០២០ផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្រ្តី ជូននាយិការអង្គការស្បៀងពិភពលោកប្រចាំកម្ពុជា៕