(កំពង់ធំ)៖ ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋ លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ-ខេត្តព្រះវិហារ រួមទាំងសហការី បានចុះចែកអំណោយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន៥០គ្រួសារ រស់នៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ខេត្តព្រះវិហារ រួមជាមួយនឹងសហការីទាំងអស់ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាអាជ្ញាធរដែនដីក្នុងការចូលរួមចែករំលែកដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋបានខិតខំប្រឹងប្រែងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ និងបានអំពាវនាវឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត-ក្រុង ចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ដល់មូលដ្ឋាន ដើម្បីជួយដោះស្រាយរាល់បញ្ហាការលំបាករបស់បងប្អូននៅគ្រប់ទិសទី និងត្រូវបំម្រើប្រជាជនដោយស្មោះបើទោះបីក្នុងតំម្លៃណាក៏ដោយធ្វើយ៉ាងម៉េចឱ្យតែប្រជាជនរស់នៅបានសុខគឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ាហេង សំណាង បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការជឿជាក់ និងស្មោះត្រង់ក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំយកនូវសុខសន្តិភាពមកជូនបងប្អូនរហូតមកដល់សព្វថ្ងៃនេះ ដូច្នេះ បច្ចុប្បន្នបងប្អូន លោកយាយ លោកតា រស់នៅបានសុខសាន្តក្រោមម្លប់សន្តិភាពក៏ត្រូវតែចូលរួមរក្សាម្លប់សន្តិភាពនេះ ឱ្យបានយូរអង្វែង និងគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិឈានទៅរកភាពរីកចម្រើនសម្រាប់អនាគតកូនចៅជំនាន់ក្រោយ។

ក្នុងនោះដែរលោកឧកញ៉ា បានក្រើនរំលឹកដល់បងប្អូនលោកយាយ លោកតារក្សាសុខភាពអនាម័យពិសារទឹកស្អាតរស់នៅប្រកបបរិស្ថានស្អាតដោយជុំវិញលំនៅដ្ឋាន និងបន្តចូលរួមការពារទប់ស្កាត់ការពារទប់ស្កាត់មេរោគជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន៥០គ្រួសារ មានជីវភាពលំបាកខ្វះខាតបានទទួលអំណោយពីលោក ឧកញ៉ា ហេង សំណាង ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូ មី១កេស ទឹកស៊ីអ៊ីវ ទឹកត្រី២យួរ ត្រីខ១យួរ ក្រម៉ាមួយ និងថវិកា ១ម៉ឺនរៀល នេះគឺជាទឹកចិត្តសម្បុរសធម៌ក្នុងការចូលរួមចែករំលែកដោះស្រាយជូនប្រជាពលរដ្ឋក្នុងស្ថានភាពមានទឹកជំនន់ ជួយគ្នាក្នុងគ្រាមានអាសន្ន៕