(ភ្នំពេញ)៖ លោក មៃខើល តាន់ កេង ស៉ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាចប់អាណត្តិ បានចូលរួមរំលែកទុក្ខជាមួយប្រជាជនកម្ពុជា ចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ ក្នុងគ្រោះទឹកជំនន់ នាថ្មីៗនេះ។

ការចូលរួមរំលែកទុក្ខនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយលោកត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

នៅចំពោះមុខសម្តេចប្រមុខរដ្ឋស្តីទី, ទន្ទឹមនឹងចូលរួមរំលែកទុកុ្ខជាមួយប្រជាជនកម្ពុជា លោកឯកអគ្គរដ្ឋទូតលើកឡើងថា សហគមន៍ និងអ្នកវិនិយោគសិង្ហបុរីនៅកម្ពុជា ព្រមទាំងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី បានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជួយសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយសារទឹកជំនន់នេះ។

ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យបេសកកម្មការទូតរបស់លោកទូតនៅកម្ពុជា ដោយបានខិតខំរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ដោយកត់សម្គាល់ឃើញថា លោកឯកអគ្គរដ្ឋទូត និងស្ថានទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាពិសេសមានទំនាក់ទំនងល្អជាមួយនឹងប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ លោក មៃខើល តាន់ កេង ស៉ីង បានថ្លែងអំណរគុណចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងជម្រាបលា។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា បេសកកម្មការទូតរយៈពេល៤ឆ្នាំកន្លះរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ ដោយសារបានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី មានការរីកចម្រើន ជាពិសេសទំហំពាណិជកម្មទ្វេភាគីនៃប្រទេសទាំងពីរ មានការកើនឡើងខ្ពស់។ ទំហំនៃការ និងពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរី រក្សាបានចំណាត់ថ្នាក់លំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានអនុវត្តតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។ កាលពីឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភា បានទៅបំពេញទស្សនកិច្ចស្វែងយល់ អំពីសភានៃសាធារណរដ្ឋសិង្ហបុរី ហើយឆ្នាំ២០១៩ លោកអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៩ នៅប្រទេសសិង្ហបុរី។ ប្រទេសទាំងពីរនឹងបន្តខិតខំថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទៀត។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានចូលរួមរំលែកទុក្ខចំពោះប្រជាជនកម្ពុជា ដែលរងគ្រោះដោយសារទឹកជំនន់ និងបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទីបានរំលឹកថា ប្រទេសកម្ពុជា និងប្រទេសសឹង្ហបុរី បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ឆ្នាំនេះ គឺជាខួបទី៥៥ឆ្នាំនៃទំនាក់ទំនងការទូត ហើយប្រទេសទាំងពីរបានប្រារព្ធពិធីអបអរសាទរខួបលើកទី៥៥ នៃចំណងការទូត តាមរយៈការរៀបចំព្រឹតិ្តការណ៍បង្ហាញគំនូរ សិល្បៈ ម្ហូបអាហារ តន្រ្តី និងវប្បធម៌របស់ប្រទេសទាំងពីរ។ កត្តានេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែរឹងមាំ និងស៉ីជម្រៅរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីមចម្រើនឥតឈប់ឈរ ហើយការីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំកំពូល មន្រ្តីជាន់ខ្ពស់ និង មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ និងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយពង្រឹងសមត្ថភាពមន្រ្តីរាជការកម្ពុជាលើជំនាញនានា តាមរយៈមជ្ឈមណ្ឌលកិច្ចសហប្រតិបតិ្ត-ការកម្ពុជា-សិង្ហបុរី រហូតមកដល់បច្ចុប្បន្នមានមន្រ្តីជាង៩.៩០០នាក់ និងបានទទួលការបណ្តុះបណ្តាលក្រោមគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ចំនួន១៥.៤០០នាក់ ក្រោមកម្មវិធីកិច្ចសហប្រតិបតិ្តការសិង្ហបុរី។

ជាពិសេសក្នុងអាណត្តិបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្ម ការវិនិយោគ និងការមកទស្សកិច្ចរបស់ប្រជាជនសិង្ហបុរី ដែលមានការកើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសមានទំហំជិត ២ពាន់លានដុល្លារអាមេរិក ហើយការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានទំហំដល់ទៅ ២៥.៦ភាគយ។ សម្តេចសង្ឃឹមថា ក្រោយជំងឺកូវីដ១៩នេះ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តរវាងប្រជាជន និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។

សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ដែលបានទប់ស្តាត់នៃការឆ្លង និងការីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងសូមជូនពរឱ្យរដ្ឋាភិបាល និងប្រជាជនសិង្ហបុរីជម្នះបានលើជំងឺកូវីដ១៩នេះដោយឆាប់រហ័ស។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែអំណរគុណចំពោះស្ថានឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលបានជួយសម្របសម្រួលឱ្យមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទៅធ្វើកម្មសិក្សាស្តីពីការងារសភា នៅសភានៃសាធារណរដ្ឋសិង្ហបុរី ចំនួន០២លើក។

តាមរយៈលោកឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព និងសេចក្តីនឹករលឹក អំពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសិង្ហបុរី។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី និងស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនលោកឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យ ក្នុងបេសកកម្មថ្មីនាពេលខាងមុខ៕