(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានលើកឡើងថា ភាគច្រើននៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាសំណុំរឿងរដ្ឋប្បវេណី ប៉ុន្តែចំពោះសំណុំរឿងព្រហ្មទណ្ឌ ដែលកើតឡើងពីបទល្មើសតូចតាច ក៏អាចដោះស្រាយក្រៅប្រព័ន្ធតុលាការបានដែរ។

លោកថ្លែងបែបនេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកតំណាងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអង្គការ OXFAM ទទួលជំនួយក្នុងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា នាទីស្តីការក្រសួង។

យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា បានរៀបចំសេចក្តីព្រាង Zero Draft រួចរាល់ហើយ។ ការងារបន្តទៀត គឺក្រសួងយុត្តិធម៌ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៉ីវិលផង ដើម្បីឲ្យការធ្វើសេចក្តីព្រាងយន្តការនេះ ប្រកបដោយភាពហ្មត់ចត់បំផុត។

មន្ត្រីជាន់ខ្ពស់ក្រសួងយុតិ្តធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បទល្មើសព្រហ្មទណ្ឌតូចតាចមួយចំនួន ជាពិសេសបទល្មើសចរាចរណ៍ អាចសម្របសម្រួលដោយសំណង មិនចាំបាច់ទៅតុលាការទេ។ អញ្ចឹងនៅប្រទេសដទៃ គេកំណត់ពីប្រភេទសំណុំរឿងដែលអាចសម្របសម្រួលគ្នាបាន ហើយភាគច្រើនជាសំណុំរឿងរដ្ឋប្បវេណី»

លោកបន្តថា «សម្រាប់បរិបទកម្ពុជា យើងនឹងពិភាក្សាគ្នាបន្តទៀត សំណុំរឿងបែបណាដែលអាចសម្របសម្រួលគ្នាបាន។ ចំណុចហ្នឹងយើងរង់ចាំប្រជុំពិគ្រោះយោបល់គ្នា ក្នុងសិក្ខាសាលាជាច្រើននៅក្នុងពេលខាងមុខនេះ»

បើតាមលោក ជិន ម៉ាលីន, ក្រសួងយុត្តិធម៌ចង់ឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមពិគ្រោះយោបល់ ធ្វើសេចក្តីព្រាងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដើម្បីកុំឲ្យមានការរិះគន់ថា ជាសមិទ្ធផលក្រសួងយុត្តិធម៌តែម្នាក់ឯង។ លោកបន្ថែមថា យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះទៀតសោត ក្រសួងមិនទាន់ដឹងថា តើត្រូវបង្កើតជាច្បាប់ ឬគ្រាន់តែជាគោលនយោបាយឡើយ គឺត្រូវរង់ចាំការផ្តល់ធាតុចូល ពីគ្រប់ភាគីឲ្យបានច្រើនសិន ទើបសម្រេចតាមក្រោយ។

បើបង្កើតជាច្បាប់ត្រូវចំណាយពេលយូរ តែបើធ្វើជាគោលនយោបាយគឺឆាប់រួចរាល់ ហើយក្រសួងយុត្តិធម៌ចង់ឲ្យដាក់ដំណើរការនៅឆ្នាំ២០២១តែម្តង។ នេះបើតាមលោក ជិន ម៉ាលីន ដោយបន្ថែមថា យន្តការនេះនឹងជួយពន្លឿន ការដោះស្រាយសំណុំរឿងកកស្ទះបានផងដែរ។

លោក ជិន ម៉ាលីន បានថ្លែងទៀតថា ផលប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺដំណើរការលឿន មិនស្មុគស្មាញ និងមិនធ្វើឲ្យខាតពេលវេលារបស់ភាគីជម្លោះ។ បន្ថែមលើនេះ ផលប្រយោជន៍សំខាន់ គឺការសម្រេចរបស់អាជ្ញាកណ្តាល មិនត្រូវផ្សព្វផ្សាយជាសាធារណៈ ដូចការសម្រេចក្តីរបស់តុលាការឡើយ ដែលធ្វើឲ្យឯកជនភាពគូរវិវាទក៏មិនត្រូវបានបង្ហាញដែរ។

លោកបញ្ជាក់ថា អាជ្ញាកណ្តាលសម្របសម្រួលវិវាទ អាចជាមន្ត្រីសាធារណៈ អ្នកច្បាប់ចូលនិវត្តន៍ ទាំងចៅក្រម និងមេធាវី ហើយអាជ្ញាកណ្តាលអាចជា មេឃុំ មេភូមិ ឬនិស្សិតច្បាប់ទៀតផង។ ទោះជាយ៉ាងនេះក្តី គូរវិវាទអាចនឹងបន្តប្តឹងរឿងក្តីទៅតុលាការ បើសិនជាមានភាគីណាមួយ មិនពេញចិត្តនឹងការសម្រេចសេចក្តីរបស់អាជ្ញាកណ្តាល ឬការសម្របសម្រួលគ្មានប្រសិទ្ធភាព៕