(បន្ទាយមានជ័យ)៖ លោក ម៉ឹង ពន្លក តំណាងលោក ហ៊ុន ម៉ាណែត ស្ថាបនិកក្រុម «យុវជន១៥៧» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយជាងស្បៀងអាហារ ថ្នាំពេទ្យ និងថវិកា ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៣,០០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ពិធីប្រគល់អំណោយត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យផងដែរ។ អំណោយដែលនាំជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១ដប, សាប៊ូ ២ដុំ, ក្រម៉ា១, សៀង ១ដប, ថ្នាំពេទ្យ ១ប្រអប់, ឆៃប៉ូវ កន្លះគីឡូ និងថវិកា ៥ម៉ឺនរៀល។

លោក ម៉ឹង ពន្លក បានថ្លែងក្នុងពិធីនោះថា អំណោយទាំងអស់នេះ បានមកពីសមាជិក សមាជិកា នៃក្រុមយុវជន ១៥៧ ព្រមទាំងសប្បុរសជននានា។ ក្នុងឱកាសនោះ លោក ម៉ឹង ពន្លក ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោក ហ៊ុន ម៉ាណែត ជូនដល់ពលរដ្ឋរងគ្រោះដោយទឺកជំនន់ទាំងអស់។

ជួសមុខឱ្យលោក ហ៊ុន ម៉ាណែត, លោក ម៉ឹង ពន្លក ក៏បានសម្តែងនូវសោកស្តាយ និងរំលែកនូវការលំបាកជាមួយពលរដ្ឋរងគ្រោះដោយទឺកជំនន់ទាំងអស់។ លោកក៏បានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ ដែលមានសមាជិកស្លាប់បាត់បង់ជីវិតដោយសារគ្រោះជំនន់ទឹកភ្លៀងនេះផងដែរ។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មកដល់ពេលនេះជំនន់ទឹកភ្លៀងបានស្រាកស្រានបន្តិចហើយ។ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ជិត ៥ម៉ឺនគ្រួសារ និងបណ្តាលឱ្យស្លាប់ ២៦នាក់។

លោកអភិបាលខេត្តបន្ទាយមានជ័យ ជួសមុខឱ្យពលរដ្ឋរងគ្រោះ បានថ្លែងអំណរគុណលោក ហ៊ុន ម៉ាណែត ស្ថាបនិកក្រុមយុវជន១៥៧ និងលោក ម៉ឹង ពន្លក ព្រមទាំងសមាជិក សមាជិកា ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានយកអំណោយចែកជូនដល់ពលរដ្ឋរងគ្រោះ។ លោកអភិបាលខេត្ត បានថ្លែងថា អំណោយនេះជាការរួមចំណែកដ៏មានតម្លៃសម្រាប់ដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងក្នុងពិធីនោះថា ការរួមគ្នាដើម្បីជម្នះការលំបាកនៅពេលសង្គមជួបគ្រោះមហន្តរាយ និងទុក្ខលំបាកនានា ជាកាយវិការដ៏ប្រសើរនៅក្នុងសង្គម។ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកាយវិការមនុស្សធម៌របស់ក្រុមយុវជន១៥៧ និងចាត់ទុកកាយវិការនេះជាគំរូល្អមួយសម្រាប់យុវជននៅក្នុងសង្គមកម្ពុជា។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកទឹកចិត្តដល់ក្រុមយុវជន១៥៧ ឱ្យបន្តធ្វើសកម្មភាពមនុស្សនេះឱ្យកាន់តែសកម្មភាព និងទៅកន្លែងផ្សេងៗទៀត ដើម្បីបានជួយរំែលកការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ៕