(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកស្រី នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០៤០គ្រួសារ នៅខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខរួចមក ក៏បានបន្តដំណើរដោយនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន៨០០០ដុលា្លរ ប្រគល់ជូនដល់ជនរងគ្រោះដែលបានទទួលរងដោយភ្លើងឆេះផ្ទះអស់១ខ្នង។

ជាមួយគ្នានេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានជូនថវិកា ៣លានរៀល ជូនដល់គ្រួសារនៅជាប់គ្នាដែលផ្ទះបានឆេះរោលជញ្ជាំង ក្នុងអំឡុងពេលដែលទឹកកំពុងជន់លិច នារយៈពេល១០ថ្ងៃកន្លងមកនេះ។

អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវប្រគល់ជូនជនរងគ្រោះដោយអគ្គិភ័យតាមរយៈលោក ឃួង ស្រេង និងលោកស្រី មានចំនួន៨ពាន់ដុល្លារ ជាការជួយរំលែកដល់ការលំបាក ខ្វះខាត ដោយហេតុថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ហើយជាប់ទាំងបំណុលធនាគារថែមទៀត និងម្យ៉ាងទៀតដើម្បីឲ្យពួកគាត់មានលទ្ធភាព អាចសាងសង់ផ្ទះបានស្នាក់នៅឡើងវិញ។

ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះលំនៅដ្ឋានខាងលើនេះមាន ឈ្មោះ ព្រិល ស៊ីដេត អាយុ៣៧ឆ្នាំ ត្រួវជាប្ដី និងប្រពន្ធឈ្មោះ ផា សោភា អាយុ៣៤ឆ្នាំ ពួកគាត់មានមុខរបរជាអ្នកលក់នំប៉័ង ស្នាក់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បន្ថែមពីលើនេះទៀតលោក ឃួង ស្រេង និងលោកស្រី ក៏បានប្រគល់នូវថវិការបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនូវទឹកប្រាក់ចំនួន ៣លានរៀលថែមទៀត សម្រាប់ប្រជាពលរដ្ឋ រងគ្រោះមួយរូបទៀតគឺលោក ព្រិល សីហា អាយុ២៨ឆ្នាំ ដែលត្រូវភ្លើងឆេះរោលចិញ្ជាំងផ្ទះក្នុងហេតុការណ៍នេះផងដែរ។

ប្រជាពលរដ្ឋទាំងពីរគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះ។

ជាក់ស្តែងសម្រាប់ក្រុមគ្រួសារពួកគាត់ ពិតជាមិនអាចកាត់ថ្លៃបានឡើយ នូវទឹកចិត្តមេត្តាធម៌របស់សម្ដេចទាំងពីរដែលបានជួយពួកគាត់នាគ្រាអាសន្ននេះ នូវទឹកប្រាក់ដ៏លើសលប់រហូតដល់ចំនួន ៨ពាន់ដុល្លារ។

លោក ឃួង ស្រេង និងលោកស្រី ក្រោយពីប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះហើយ លោកបានដឹកនាំអាជ្ញាធរក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យមើលស្ថាន ភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានសង្កាត់គងនយ ផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម សង្កាត់រលួស ដើម្បីមើលពីស្ថានភាពជាក់ស្ដែងក្រោយពីទឹកបានស្រកអស់ និងដើម្បីបន្តការលាងសំអានក៏ដូចជា ស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតដោយទឹកជំនន់ នាពេលកន្លងមកនេះ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នា២០២០ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានអគ្គីភ័យមួយបានឆាបឆេះឡើងបណ្តាលឲ្យផ្ទះប្រភេទ សំណង់ថ្មក្រោម ឈើលើមានទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ត្រូវបានអគ្គិភ័យឆាប់ឆេះទាំងស្រុង៕