(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបានប៉ុស្តិ៍ស្ទឹងមានជ័យ បានចុះធ្វើការបង្ក្រាបទីតាំងចែកចាយ និងជួញដូរគ្រឿងញៀន ស្ថិតនៅក្នុងការដ្ឋានសំណង់ មិនទាន់រៀបរយមួយកន្លែង ស្ថិតក្នុងក្រុមទី៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាម៉ោង១២៖៣០នាទីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

នៅក្នុងការចុះបង្ក្រាបនោះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន១០នាក់ ក្នុងនោះក៏មានស្ត្រី២នាក់ និងថ្នាំញៀនចំនួន២៣កញ្ចប់ ព្រមទាំងសម្ភារ សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។ បន្ទាប់ពីធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងរួចមក ជនប្រុសស្រីទាំង១០នាក់នោះ ត្រូវបាននាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបញ្ជួនខ្លួនទៅកាន់តុលាការ កាត់ទោសទៅតាមផ្លូវច្បាប់៕