(ស្វាយរៀង)៖ លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានលើកឡើងថា ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈ ក្នុងប្រទសកម្ពុជា បានឆ្លុះបង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ក្នុងនោះវិស័យថាមពលមានតួនាទីសំខាន់មួយមិនអាចខ្វះបាន។

ការបញ្ជាក់បែបនេះរបស់លោក ឃួន សាវុធ បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្ដីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវាច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិផ្សេងទៀត ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈដល់អាជីវករម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

សិក្ខាសាលានេះ មានការចូលរួមពីលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត, លោក ផឹង និល ប្រធានសាខា ក.ប.ប ខេត្ត ព្រមទាំងម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូចែកចាយនៅក្នុងខេត្តស្វាយរៀង ព្រមទាំងមន្ទីរជុំវិញខេត្តផងដែរ។

លោក ឃួន សាវុធ បានបន្តថា ការប្រកួតប្រជែងមិនស្មោះត្រង់នៅក្នុងធុរៈកិច្ចវិស័យប្រេងឥន្ធនៈអាចបង្កផលប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។ ដើម្បីធានាការពារអ្នកប្រើប្រាស់ ពីការក្លែងបន្លំផ្នែកសេដ្ឋកិច្ចក៏ដូចជា៖ ការប៉ះពាល់សុខុមាលភាពសង្គម ការពង្រឹងការអនុវត្តច្បាប់ គឺជាការងារអាទិភាព។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅប្រទេសកម្ពុជា ត្រូវបានចាត់ចូល ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដូច្នេះការធ្វើអធិការកិច្ចលើស្ថានីយចែកចាយប្រេងឥន្ធនៈត្រូវបានក្រសួងពាណិជ្ជកម្ម ចាត់ទុកជាកម្មវិធីមួយយ៉ាងសំខាន់សំដៅធានាការដាក់លក់ឱ្យបានត្រឹមត្រូវលើបរិមាណគុណភាព និងថ្លៃលក់រាយ។

លោកបានបញ្ជាក់ថា គោលបំណងសិក្ខាសាលានេះ ដើម្បីជំរុញការអនុវត្តស្មោះត្រង់ក្នុងអាជីវកម្មធានាទីផ្សារក្នុងស្រុកប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់ និងលើកស្ទួយកិត្យានុភាពជាតិ។ ការធានាការធ្វើជីវកម្មប្រកបដោយសុច្ចរិត មិនមែនជាការដាក់បន្ទុកដល់វិស័យឯកជន (មិនមានតម្រូវឱ្យបង់ថ្លៃសេវាត្រួតពិនិត្យ) ហើយគោលដៅដែលត្រូវអធិការកិច្ច គឺស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស និងអនុវត្តច្បាប់ចំពោះអ្នកបំពាន តាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល។

លោក ឃួន សាវុធ បានគូសបញ្ជាក់ថា អាជីវករមានកាតព្វកិច្ចទទួលខុសត្រូវចម្បងលើសកម្មភាពអាជីវកម្មរបស់ខ្លួនក្នុងការដាក់លក់ ចែកចាយនិងផ្ដល់ព័ត៌មានឱ្យបានត្រឹមត្រូវលើផលិតផល ឬសេវារបស់ខ្លួនជៀសវាងអ្នកប្រើមានការភាន់ច្រឡំ ឬប៉ះពាល់ដល់ការប្រកួតប្រជែង (មាត្រា៤ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា)។

បន្ថែមពីនេះ មិនត្រូវពាក់ព័ន្ធទៅនឹងអំពើមិនសុច្ចរិតដែលមានលក្ខណៈជាការបំភាន់ ឬបោកបញ្ឆោតដល់សាធារណៈជនទាក់ទងទៅនឹងប្រភេទចរិតលក្ខណៈភាពសមតាមបំណងបរិមាណស្តង់ដារ ឬគុណភាព (មាត្រា១០ច្បាប់ស្តីពីកិច្ចការការពារអ្នកប្រើប្រាស់) ហើយរាល់អាជីវកម្មប្រេងឥន្ធនៈត្រូវមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណចេញដោយអង្គភាពមានសមត្ថកិច្ច (ពាណិជ្ជកម្ម, ឧស្សាហកម្ម មហាផ្ទៃ)។

នៅក្នុងឱកាសនោះលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រី ក.ប.ប ខេត្ត ដែលរយៈកាលកន្លងមក បានខិតខំក្នុងការត្រួតពិនិត្យតាមស្ថានីយប្រេងឥន្ធនៈ និងដេប៉ូចែកចាយក្នុងខេត្ត ដើម្បីពិនិត្យលើបរិមាណ គុណភាព និងថ្លៃលក់រាយជាដើម ហើយក្នុងនាមរដ្ឋបាលខេត្ត សូមធ្វើការគាំទ្រដែលបានបង្កើតឱ្យមានសិក្ខាសាលានេះឡើង។

លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យអាជីវករដែលមានស្ថានីយប្រេងឥន្ធនៈ និងដេប៉ូចែកចាយទាំងអស់នៅខេត្តស្វាយរៀង ត្រូវមកសុំច្បាប់អាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវមិនត្រូវគេចវេសនោះឡើយ និងសូមឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យតាមស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទាំងអស់ឱ្យមានប្រសិទ្ធភាព ដើម្បីធានាបានដល់អ្នកប្រើប្រាស់ទាំងបរិមាណ និងគុណភាព៕