(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីជំនាញគ្រប់អង្គភាពនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានចុះទៅពិនិត្យតាមបណ្ដាគោលដៅសំខាន់ៗជាច្រើន ក្នុងក្រុងសែន មនោរម្យ ដើម្បីកែលំអរសណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំទីប្រជុំជនក្រុងឱ្យកាន់តែមានសោភ័ណ្ឌភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលនេះ។

នាឱកាសនោះដែរលោក ស្វាយ សំអ៊ាង បានថ្លែថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រោះកត្តាគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ប៉ុន្តែប្រជាពលរដ្ឋមន្ត្រីរាជការ គឺមានថ្ងៃសម្រាកជាធម្មតា ដែលនឹងមានអ្នកទេសចរមកលេងនៅខេត្តមណ្ឌលគិរី ដូចរៀងរាល់ឆ្នាំ ចំណុចនេះហើយទើបលោកដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពទូទៅក្នុងក្រុង និងរៀបសណ្ដាប់ធ្នាប់ឱ្យមានរបៀបរាបរយ។ តួយ៉ាងនៅចំណុចរង្វង់មូលគោព្រៃ លោកនឹងរៀបចំឱ្យមានទីធ្លាធំទូលាយ ដើម្បីភាពងាយស្រួលដំណើរ និងមានទីតាំងសម្រាប់អ្នកទេសចរឈប់សំចត ចំណែកតាមដងផ្លូវមួយចំនួនក្នុងក្រុង លោកក៏បានបញ្ជាឱ្យមន្ត្រីជំនាញជួសជុលការខូចខាត និងសម្អាតតាមដងផ្លូវផងដែរ។

លោកបានបញ្ជាក់ថា កន្លងមកក្នុងក្រុងសែនមនោរម្យ ពុំមានផ្សារនោះទេ ដែលកត្តានេះបានធ្វើឱ្យកើតមានការលក់ដូរ តាមទីសាធារណៈច្រើន ហើយបញ្ហានេះអាជ្ញាធរបាន និងកំពុងបង្កើតផ្សារធំមួយ ដើម្បីឱ្យអាជីវករមានកន្លែងលក់ដូរត្រឹមត្រូវ និងងាយស្រួលឱ្យភ្ញៀវទេសចរចេញចូលទិញទំនិញផងដែរ។

លោក ស្វាយ សំអ៊ាង បានបន្តថា ផ្សារថ្មីរបស់ក្រុងសែនមនោរម្យ មានទីតាំងធំទូលាយ និងងាយស្រួលដល់ប្រជាពលរដ្ឋ និងអ្នកទេសចរចេញចូល ហើយនៅចុងឆ្នាំនេះផ្សារសែនមនោរម្យ នឹងបើកដំណើរការចំនួន ២៥០តូប។

លោក ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ក្រៅពីនេះអាជ្ញាធរ ក៏បាននឹងកំពុងជំរុញការសាងសង់វិមានឯករាជ្យឱ្យឆាប់រួចរាល់ជា ស្ថាពរដែលនេះជាសំណង់ប្រវត្តិសាស្ត្រមួយរបស់ខេត្ត នឹងជួយឱ្យខេត្តមណ្ឌលគិរី កាន់តែស្រស់ស្អាត និងជាទីតាំងកម្សាន្តថ្មីថែមទៀត ដើម្បីធ្វើឱ្យមានការទាក់ទាញដល់វិស័យទេសចរណ៍៕