(ភ្នំពេញ)៖ អ្នកស្រី ប៉ែន រ័ត្នថេត អ្នកជំនួញដីធ្លី ដ៏ល្បាញល្បីមួយរូប ជាភរិយារបស់ឧកញ៉ា ឌុច សារ៉ែម មន្រ្តីបម្រើការនៅទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន បន្ទាប់ពីស្រ្តីរូបរងការប្តឹងថា បានលួចក្លែងបន្លំឯកសារដីធ្លី និងលួចលក់អចលនទ្រព្យតម្លៃរាប់លានដុល្លារ។ អ្នកស្រី ប៉ែន រ័ត្នថេត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយត្រូវបានបញ្ជូនទៅកាន់តុលាការជំនុំជម្រះទោសផងដែរ។ 

យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅអំឡុងឆ្នាំ ២០០៥-២០០៦ អ្នកស្រី ប៉ែន រ័ត្នថេត ជាមួយអតីតស្វាមី បានទទួលប្រាក់ពីពាណិជ្ជករ ម្នាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីរៀបចំដីជាច្រើនហិកតា ស្ថិតនៅក្នុងភូមិក្តុល ឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល ដោយបំពេញបែបបទផ្ទេរសិទ្ធិកាន់កាប់ដីធ្លីឲ្យទៅម្ចាស់ប្រាក់ត្រឹមត្រូវតាមច្បាប់។

លុះពីរឆ្នាំក្រោយ គឺនៅឆ្នាំ២០០៨ អ្នកស្រី ប៉ែន រ័ត្នថេត បានលួចយកដីដដែលនេះ ទៅលក់ឲ្យអ្នកផ្សេងទៀត។ ក្រោយពាណិជ្ជករជាម្ចាស់ដី បានដឹងរឿងនេះ ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។ បើតាមប្រភពពីសមត្ថកិច្ច អ្នកស្រី ប៉ែន រ័ត្នថេត ត្រូវបានបញ្ជូនទៅកាន់ អយ្យការអបសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ម្សិលមិញនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បើតាមប្រភពពីតុលាការបានលួចបង្ហើបឲ្យដឹងថា អ្នកស្រី ប៉ែន រ័ត្នថេត បាននិងកំពុងស្វែងរកអន្តរាគមន៍យ៉ាងខ្វែងខ្វាត់ ដើម្បីខ្លួនបាននៅក្រៅឃុំ។ ទោះបីជាយ៉ាងណា អង្គភាព Fresh News មិនទាន់អាចស្វែងរកការបំភ្លឺពីភាគីអ្នកស្រី ប៉ែន រ័ត្នថេត នៅឡើយនោះទេ៕