(កណ្តាល)៖ អធិករណ៍វត្តខ្ពប ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានកើតឡើង​រហូត ឈានទៅដល់ការប្រើអំពិហិង្សានោះ ត្រូវបានបញ្ចប់ជាស្ថាពរហើយ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោយមានបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យដោះស្រាយបញ្ចប់។ នៅព្រឹកថ្ងៃនេះ លោកបណ្ឌិត មិនឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកស្រី បានដឹកនាំក្រុមការងារ អញ្ជើញទៅប្រកាសតែងតាំងគណៈសង្ឃ និងគណៈកម្មការវត្តដើម្បីដំណើរការឡើងវិញ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់អង្គភាព Fresh News ថា «តបតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅនេះឯកឧត្តមបណ្ឌិត មិន ឃិន លោកជំទាវ ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិត រស់ វណ្ណា ប្រធានកាំសាប និងជាប្រធានក្រុមការងារគណៈពង្រឹង ស្រុកអង្គស្នួល បានប្រកាសតែងតាំងគណៈសង្ឃចំនួន៧អង្គ គណៈកម្មការ លោកអាចារ្យសរុប២០រូប ដើម្បីគ្រប់គ្រងវត្តខ្ពប ដើម្បីអប់រំពុទ្ធបរិស័ទ កសាង ថែរក្សា គរុភណ្ឌ័វត្ត តទៅ»

លោក សេង មុនី បានបញ្ជាក់ថា ក្រោយមានរឿងរ៉ាវកើតឡើង និងក្រោយមកមានការដោះស្រាយនោះសម្រេចជា លទ្ធផលទាំង៤ចំណុច រួមមានទី១ រៀបចំឲ្យមានព្រះសង្ឃ៥អង្គ មកពីវត្តអង្គរវាង គង់នៅបណ្តោះអាសន្ន ទី២ រៀបចំឲ្យមានគណៈកម្មការ អាចារ្យ គ្រប់គ្រង បណ្តោះអាសន្ន ទី៣ បង្កើតគណៈគ្រប់គ្រងចម្រុះមួយ ដោយក្រសួងធម្មការ និង អាជ្ញាធរដែនដី និង៤ ប្រគល់ការគ្រប់គ្រងឲ្យក្រសួងធម្មការ និងសាសនាផ្ទាល់ ដើម្បីមើលការខុសត្រូវបណ្តោះអាសន្ន។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកបណ្ឌិត មិន ឃិន ចុះទៅដោះស្រាយបញ្ចប់ អធិករណ៍វត្តខ្ពប ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីបានកើតឡើងរយៈពេល១ឆ្នាំ មិនអាចដោះស្រាយបញ្ចប់។

លោក សេង មុនី បានប្រាប់ថា លោកបណ្ឌិត មិន ឃិន បានដឹកនាំប្រតិភូចុះដោះស្រាយអធិករណ៍វត្តខ្ពប ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមសំណូមពរពុទ្ធបរិស័ទ ប្រមាណ២៣៩៦នាក់ ដែលបានស្នើសុំឲ្យមានព្រះសង្ឃគង់ នៅដើម្បីបំពេញបុណ្យ កុសលតាមប្រពៃណី ព្រះពុទ្ធសាសនតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមអ្នកនាំពាក្យ ក្រសួងធម្មការ វត្តនេះកន្លងមកបានកើត វិវាទអស់រយៈ១ឆ្នាំមកហើយ ដោយមូលហេតុព្រះចៅអធិការចាស់បានសឹក ហើយកើតមានអំពើហិង្សាផ្សេងៗ រហូតមកដល់ពេលនេះវត្ត ត្រូវបានបិទទ្វារ ទុកចោលក្លាយជាព្រៃស្មសាន (ព្រៃកប់ខ្មោច) បាត់បង់តម្លៃនៃការគោរពបូជា តាមផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ៕