(តាកែវ)៖ ប្រជាពលរដ្ឋ និងអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក្នុងស្រុកបាទី ខេត្តតាកែវ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះវត្តមានរបស់លោកនីតិកោសល្យបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តតាកែវ បានចំណាយកម្លាំងកាយចិត្ត ចុះដឹកនាំ និងបញ្ជាទប់ទឹកក្នុងឃុំក្រាំងធ្នង់ និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ការពារការលិចលង់ ដល់ផ្ទះរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋស្រុកបាទីបានឲ្យដឹងថា ក្នុងគ្រាដែលកម្ពុជាបានជួបនូវបាតុភូធម្មជាតិ ដែលមានភ្លៀងធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃមុននេះ ពលរដ្ឋស្រុកបាទី ក៏ដូចគ្នាដែរ រងការគំរាមកំហែងពីជំនន់ទឹកភ្លៀងនេះ ដោយភ្លាមៗឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ទោះថ្ងៃ ឬយប់បានចុះមកដឹកនាំបញ្ជាកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចធ្វើសកម្មភាព ទប់ទឹកមិនឲ្យលិចលង់ ដល់មូលដ្ឋានរបស់ពលរដ្ឋឡើយ។

ក្នុងឱកាសចុះពិនិត្យ និងដឹកនាំកម្លាំងទប់ទឹកនោះដែរ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋផងដែរ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមថែរកក្សាសុខភាព និងសុវត្ថិភាព ក្នុងពេលមានទឹកជំនន់នេះ។

ប្រជាពលរដ្ឋ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងស្រុកបាទី ខេត្តតាកែវ លើកឡើងថា ពួកគាត់ចងចាំជានិច្ចនូវសកម្មភាព របស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែលបានគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋទាន់ពេលវេលា មិនថាមានគ្រោះអគ្គិភ័យ ឬទឹកជំនន់ឡើយ។

ប្រជាពលរដ្ឋ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងស្រុកបាទី សូមលើកម្រាមដៃដប់ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន លោកកិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមជួបតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕