(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា RMA Cambodia ដែលបានជួយឧបត្ថម្ភ អង្ករចំនួន២០តោន ទឹកត្រីចំនួន១,០០០យួរ និងទឹកស៊ីអ៊ីវ១,០០០យួរ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។

អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»

សូមបញ្ជាក់ថា ក្នុងរយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី២៦ ខែតុលា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយទឹកជំនន់ បានសរុបចំនួន១៩,០៥៤គ្រួសារ រស់នៅភូមិចំនួន៤៦៣ ឃុំចំនួន១៦២ ស្រុកចំនួន៥៦ ក្នុងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការកណ្តាលចំនួន៩,៩០០គ្រួសារ និងដោយសាខាចំនួន ៩,១៥៤គ្រួសារ)៕