(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសឹង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទី២។

កិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទី ២ ដើម្បីពិនិត្យលើ «ការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC)» និងដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំសំណើគម្រោង «ការធ្វើឱ្យប្រសើរឡើង នូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ, ប៉ោយប៉ែត-អារញ្ញ ប្រាថេត, ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប» ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម (ក.ជ.ភ) នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រី ជាសមាជិក-សមាជិកា នៃក្រុមប្រឹក្សាជាតិ ភ័ស្តុភារកម្ម និងលោក លោកស្រី ជាសមាជិក-សមាជិកា នៃក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារ ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ។

ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសឹង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងបានផ្តល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement - FA) ជាមួយក្រុមហ៊ុន YCH និងក្រុមហ៊ុន IA ដូចដែលធ្លាប់បានអនុវត្តកន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ- បាវិត។

អង្គប្រជុំបានពិនិត្យ ពិភាក្សាទៅលើសេចក្ដីព្រាង FA នេះ និងបានផ្ដល់ធាតុចូលយ៉ាងផុសផុល ទៅលើចំណុចមួយចំនួន ដែលលើកឡើងដោយភាគីសឹង្ហបុរី អំពីគុណសម្បត្តិ និងគុណវិបត្តិពាក់ព័ន្ធនឹងការអនុវត្តគម្រោង។

ក្រោយពីកិច្ចពិភាក្សា, អគ្គបណ្ឌិតសភាចារ្យ និងជាប្រធាន ក.ជ.ភ បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការកែសម្រួល FA ឡើងវិញ ដោយបញ្ចូលចំណុចដែលលើកឡើងដោយក្រុមហ៊ុន YCH និងបានស្នើឱ្យក្រុមហ៊ុន YCH បញ្ជាក់ឲ្យបានច្បាស់លាស់ អំពីបញ្ជីតម្រូវការជាមុន (List of Pre-requirements) ទៅក្នុងការសិក្សាសមិទ្ធិលទ្ធភាពរួមគ្នាឡើងវិញ នៃគម្រោង PP-LC នេះ ។ រាជរដ្ឋាភិបាល នឹងធ្វើការសម្រេចលើការជួយគាំទ្រ ដល់ការអនុវត្តគម្រោងនេះ ដោយផ្អែកតាមលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរួមគ្នាឡើងវិញនេះ ។

ដោយឡែក ចំពោះការពិនិត្យវឌ្ឍនភាព នៃការរៀបចំសំណើគម្រោង «ការធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ, ប៉ោយប៉ែត-អារញ្ញប្រាថេត, ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប», អង្គប្រជុំបានធ្វើការពិភាក្សា, ផ្ដល់ធាតុចូលសំខាន់ៗ និងផ្លាស់ប្ដូរទស្សនៈគ្នាយ៉ាងផុសផុល ទៅលើសំណើគម្រោងបន្ទាន់ (Immediate Projects) ដែលរួមមាន ៧ គម្រោង និងសំណើគម្រោងរយៈពេលខ្លី (Short Term Projects) ចំនួន ៨ គម្រោង ។

គម្រោងទាំងនេះ ត្រូវបានរៀបចំឡើងសំដៅដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅច្រកព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ទាំងផ្នែករឹង និងផ្នែកទន់ ។ ក្រោយពីកិច្ចពិភាក្សា អគ្គបណ្ឌិតសភាចារ្យ និងជាប្រធាន ក.ជ.ភ បានសម្រេចអនុម័តជាផ្លូវការនូវសំណើគម្រោងបន្ទាន់ទាំង៧គម្រោង និងបានអនុម័តជាគោលការណ៍ នូវសំណើគម្រោងរយៈពេលខ្លីទាំង៨គម្រោង ដោយគម្រោងរយៈពេលខ្លីមួយចំនួន ចាំបាច់ត្រូវធ្វើការសិក្សាបន្ថែមទៀត ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ជ.ភ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់រៀបចំកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ និងគម្រោងកែលម្អច្រកទ្វារ ព្រំដែន កម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ឱ្យមានលក្ខណៈកាន់តែប្រសើរឡើងថែមទៀតនេះ ហើយក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធចាប់ផ្តើម អនុវត្តសំណើគម្រោងដែលបានអនុម័តហើយជាបន្ទាន់ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕