(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធទាំងអស់ ចុះពិនិត្យធ្វើរបាយការណ៍ឲ្យបានជាក់លាក់ និងជាបន្ទាន់ ដើម្បីស្រង់ទិន្នន័យ នៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងដំណាក់កាលលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃកន្លងមកនេះ។

ការជំរុញបែបនេះ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានទិន្នន័យច្បាស់លាស់មួយ បញ្ជូនទៅក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីសុំថវិកាយកមកធ្វើការជួសជុល កែលំអរហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតនេះឲ្យបានល្អប្រសើរឡើងវិញ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីតំបន់រងការលិចលង់ដោយទឹកភ្លៀងនៅតំបន់មួយចំនួន ក្នុងខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌកំបូល និងខណ្ឌដង្កោ និងមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមបណ្តាខណ្ឌ ពិសេសខណ្ឌនៅជាយក្រុង បានទទួលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ លោកស្នើឲ្យអភិបាលខណ្ឌទាំងអស់ រួមជាមួយមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងធ្វើរបាយការណ៍ឲ្យបានលឿន ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានរបាយការណ៍ជូនទៅរាជរដ្ឋាភិបាល ក្នុងការសុំថវិកាយកមកធ្វើការជួសជុលកែលម្អ ការខូចខាតនេះឡើងវិញ ពិសេសគឺការកសាងប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក និងការជួសជុលបណ្ដាលផ្លូវដែលខូចខាតមួយចំនួនផ្សេងទៀត ដើម្បីតភ្ជាប់ឡើងវិញ សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយប្រជាកសិករដែលខូចខាតផលស្រូវ ដំណាំរួមផ្សំយើងក៏នឹងត្រូវផ្តល់ជូនពួកគាត់ផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុង នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ បើគ្មានការដឹកនាំ និងចុះបញ្ជាផ្ទាល់ពីលោកអភិបាលរាជធានីភ្នំពេញទេ ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនានានឹងមានលក្ខណៈធ្ងន់ធ្ងរជាងនេះ តែដោយការខិតខំប្រឹងប្រែងជំរុញពីសំណាក់អភិបាលរាជធានីភ្នំពេញ បានធ្វើឲ្យផលប៉ះពាលមានលក្ខណៈធូរស្រាល។

លោកបញ្ជាក់ថា ការពង្រីកតួប្រឡាយបង្ហូរទឹកឲ្យមានលក្ខណៈធំជាងមុននេះ ក្រោយពីការកាយប្រឡាយនេះហើយ យើងនឹងរក្សាប្រឡាយ ក្នុងទំហំដដែលដោយមិនមានការលុបដាក់ប្រព័ន្ធលូតូចទេ សំដៅធ្វើយ៉ាងណា កុំឲ្យមានបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនេះ លិចលង់នៅឆ្នាំក្រោយៗទៀត៕